Pung nhnang - បុណ្យតេតវង្សត្រកូលដ៏វិសេសវិសាលរបស់ជនជាតិ Dao Tien ខេត្ត Son La
Pung nhnang - បុណ្យតេតវង្សត្រកូលដ៏វិសេសវិសាលរបស់ជនជាតិ Dao Tien ខេត្ត Son La
ថ្ងៃច័ន្ទ, 15:44, 05/04/2021
VOV5
(VOVWORLD) - បុណ្យតេតវង្សត្រកូលជាពិធីបុណ្យធំបំផុតរបស់ជនជាតិ Dao Tien នៅខេត្ត Son La។ នេះជាបុណ្យតេតរបស់វង្សត្រកូលមួយ ដែលតែងតែត្រូវបានរៀបចំ ឡើងនៅផ្ទះមេវង្សត្រកូល ក្នុងបំណងចង់សម្ដែងការដឹងគុណនិងបួងសួងសុំឲ្យ ទទួលបានសេចក្ដីសុខចម្រុងចម្រើន។ បុណ្យតេតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែទី១២នៃឆ្នាំចាស់ រហូតដល់ដំណាច់ថ្ងៃ ២ នៃឆ្នាំថ្មី តាមច័ន្ទគតិ។ នៅស្រុក Moc Chau ខេត្ត Son La ត្រឹមតែត្រកូល Tang ត្រកូល Ban ត្រកូល Dang និង ត្រកូល Ly ទើបមានបុណ្យតេតត្រកូលប៉ុណ្ណោះ។
ការងារត្រៀមរៀបចំឲ្យបុណ្យតេតវង្សត្រកូល។
វាក្លាយទៅជាទម្លាប់ហើយ ដែលវង្សត្រកូលរបស់លោក Ly Trong Sinh នៅភូមិ Suoi Lin ឃុំ Phieng Luong ស្រុក Moc Chau ខេត្ត Son La តែងតែរៀបចំបុណ្យ តេតវង្សត្រកូលជារៀងរាល់៣ឆ្នាំម្ដង។ លោក Sinh ឲ្យដឹងថា ចាប់តាំងពីប៉ុន្មានថ្ងៃ ចុងខែទី១២តាមច័ន្ទគតិ គ្រួសារនានាក្នុងវង្សត្រកូលបានប្ដូរវេនគ្នាមកផ្ទះរបស់ លោកដើម្បីជួយបោសសម្អាតផ្ទះ ហើយយកគ្រឿងសំណែនដាក់រួមគ្នាត្រៀមរៀបចំឲ្យបុណ្យ តេត។ នេះជាបុណ្យតេតធំរបស់វង្សត្រកូលមួយក៏ពិតមែន ប៉ុន្តែក៏មានអត្ថន័យចំពោះ ភូមិទាំងមូលផងដែរ ហេតុដូច្នេះ អ្នកណាក៏អាចចូលរួមនិងរួមវិភាគទានបាន។ លោក Sinh ឲ្យដឹងថែមទៀតថា៖ “នៅពេលរៀបចំបុណ្យតេតវង្សត្រកូលនោះ បងប្អូនប្រមូលផ្ដុំ រួមគ្នាធ្វើ។ នារី ជ្រើសរើសអង្ករដំណើប កិនម្សៅ ធ្វើនំ។ ចំណែកបុរសទៅកាប់ឬស្សីស្រស់ដែល មានស្លឹកច្រើន តំណាងឲ្យដើម sau ហើយកាប់ដើមអំពៅធំ ត្រង់ និងមិន មានដង្កូវស៊ី ដែលតំណាងឲ្យដើម cho chi។ ប៉ុន្តែ គ្រឿងសំណែនមិនអាចខ្វះបាន លើអាសនៈដូនតានោះគឺសាច់ជ្រូក ក្នុងបំណងចង់ឲ្យជីដូនជីតាទទួលគ្រឿង សំណែនបានគ្រប់គ្រាន់ ហើយប្រទានពរជូនវង្សត្រកូលទាំងមូលចូលឆ្នាំថ្មីជួប តែសំណាងល្អហើយធ្វើការបានផល។ ហើយការងារសំខាន់មួយទៀត គឺត្រូវអញ្ជើញគ្រូសែនពូកែចំនួន៣-៤នាក់មកធ្វើពិធីសែន”។
ដំបូងឡើយ កូនប្រុសច្បងនៃគ្រួសារមេត្រកូល នឹងធ្វើពិធីសែនដើម្បី អញ្ជើញជីដូនជីតានិងទេវតាមកទទួលអំណរបុណ្យតេតធំ ហើយប្រទានពរ សំណាងល្អសម្រាប់កូនចៅក្នុងឆ្នាំថ្មី។ បន្ទាប់ពីពិធីសែនមក មនុស្សគ្រប់រូបរួមគ្នា ទទួលទានអាហារនិងច្រៀងរាំយ៉ាងសប្បាយរីករាយ ក្នុងបរិ យាកាសនៃស្នូរសម្លេងស្គរ គង ឃ្មោះលាន់លឺរន្ទឺ។ លោក Dang Quyet Tien នៅឃុំ Phieng Luong ស្រុក Moc Chau ខេត្ត Son La ឲ្យដឹងថា៖ “ឆ្នាំណាដែលធ្វើបុណ្យតេតវង្សត្រកូលនោះ គឺត្រូវតែមានការរាំ xoe ជាពុំខាន ឡើយ។ របាំ xoe ជាពួកគឺជារបាំសំដៅបួងសួងសុំឲ្យទទួលបានរដូវ អំណោយផល ហើយបងប្អូនទាំងអគ្នាស់មានសុខភាពល្អបរិបូរណ៍ក្នុងឆ្នាំថ្មី។ ប៉ុន្តែ ចំពោះរបាំ xoe ក្នុងពិធីបណ្ដេញខ្មោចព្រាយបីសាចនិងគ្រោះឧបទ្រុពចង្រៃឲ្យ ឃ្លាតឆ្ងាយពីក្រុមគ្រួសារនិងភូមិឃុំនោះ ត្រឹមតែបុរសជនជាតិ Dao ដែលត្រូវ បានផ្ដល់ស័ក្តទទួលស្គាល់ជាមនុស្សពេញវ័យចន្លោះពី៤ដល់៦នាក់ ទើបត្រូវបាន ជ្រើសរើសជាអ្នករាំ xoe ប៉ុណ្ណោះ”។
ដល់យប់ថ្ងៃឆ្លងឆ្នាំថ្មី គឺពិធីដឹងគុណ (តាមភាសាជនជាតិ Dao បានហៅថា pai nhnang)។ មនុស្សទាំងអស់ដែលមានវត្តមានក្នុងពិធីនេះ មិនថាមកពីខាង ក្រៅភូមិឬក្នុងភូមិ ក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមដែរ។ ពិធីនេះមានអត្ថន័យអប់រំ កូនចៅឲ្យយល់ដឹង “ផឹកទឹកនឹកប្រភពដើម” ពោលគឺត្រូវចេះដឹងគុណចំពោះជំនាន់ មុនៗ ដែលបានផ្ដល់ឲ្យពួកគេ នូវជីវភាពរស់នៅដ៏សម្បូរធូធារនាសព្វថ្ងៃ។
ថ្ងៃទី២នៃឆ្នាំថ្មីជាថ្ងៃបញ្ចប់បុណ្យតេតវង្សត្រកូល។ មនុស្សគ្រប់រូបបានក្រោក ពីព្រឹកព្រលឹមដើម្បីត្រៀមរៀបចំ។ ពេលព្រឹកថ្ងៃនោះ ម្ចាស់ផ្ទះកាប់ជ្រូកមួយក្បាល បន្ថែមទៀត ហើយវេចនំពីបាយ ដំណើបសម្រាប់ធ្វើគ្រឿងសំណែន។ គ្រូសែន Ly van Chin នៅភូមិ Suoi Khem ឃុំ Phieng Phuong ស្រុក Moc Chau ខេត្ត Son La ឲ្យដឹងថា៖ “បុណ្យតេតវង្សត្រកូលរបស់ជនជាតិ Dao Tien មិនត្រឹមតែជាពិធីបុណ្យខាង ជំនឿប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវវប្បធម៌របស់ជនជាតិទាំងមូល ទៀតផង។ នាសព្វថ្ងៃ ទោះបីជាសង្គមមានការផ្លាស់ប្ដូរក៏ដោយ ប៉ុន្តែត្រឹមតែ ផ្លាស់ប្ដូរអ្វីៗដ៏សមស្របនឹងអត្តសញ្ញាណជនជាតិប៉ុណ្ណោះ ហេតុដូច្នេះ បុណ្យ តេតត្រកូល តែងតែត្រូវបានជនជាតិ Dao Tien យើងអភិរក្សនិងពង្រីកជារៀងរហូត”។