ព្រឹត្តិការណ៍នេះបានបង្កឡើងភាពចលាចលពាណិជ្ជកម្មសកលដ៏ធំបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលគំរាមកំហែងផ្លាស់ប្តូរសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកយ៉ាងជ្រាលជ្រៅផងដែរ។
ដោយត្រូវបានគេដាក់ឈ្មោះថា ជាពន្ធគយនៃ "ទិវារំដោះ" និងស្ថិតក្នុងចន្លោះ ១០-៥០% ពន្ធបដិការរបស់អាមេរិកបានបង្កើតឡើងភាពតានតឹងពាណិជ្ជកម្មដ៏វែងអន្លាយ រវាងសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចធំៗជាច្រើននៅជុំវិញពិភពលោក មុនពេលដែលភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្ន។

ចំណេញនិងការខាតបង់នៃសេដ្ឋកិច្ចអាមេរិក
មន្ត្រីរដ្ឋាភិបាលអាមេរិកបានសរសើរគោលនយោបាយពន្ធគយក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះថា បានជួយឱ្យសេដ្ឋកិច្ចអាមេរិក “មានភាពធន់ មានការប្រកួតប្រជែង និង មានសុវត្ថិភាពជាងមុន”។ តាមនោះ ចាប់តាំងពីការអនុវត្តគោលនយោបាយពន្ធគយថ្មីឱនភាពពាណិជ្ជកម្មទំនិញរបស់សហរដ្ឋអាមេរិកបានថយចុះ ២៤% ក្នុងដំណាក់កាលពីខែមេសា ឆ្នាំ ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ ២០២៦ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា។ ឱនភាពជាមួយប្រទេសចិន និងសហភាពអឺរ៉ុប (EU) បានថយចុះ ៣២% និងជិត ៤០% រៀងៗខ្លួន។ តុល្យភាពពាណិជ្ជកម្មទំនិញទ្វេភាគីរបស់សហរដ្ឋអាមេរិកជាមួយនឹងដៃគូជាង ៦៣% បានប្រសើរឡើង។ លើសពីនេះ សហរដ្ឋអាមេរិកបានចុះហត្ថលេខា ឬសម្រេចការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាង ២០ អមដោយការសន្យាវិនិយោគរាប់ពាន់ទ្រីលានដុល្លារចូលក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខផងដែរ។
ទោះជាយ៉ាងណាក៏ដោយ មិនមែនថាសូចនាករទាំងអស់សុទ្ធតែវិជ្ជមាននោះទេ។
ការសម្របខ្លួននៃសេដ្ឋកិច្ចដទៃទៀត
សម្រាប់ពិភពលោក ការប្រែប្រួលពាណិជ្ជកម្មដែលបណ្តាលមកពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក បាននិងកំពុងជំរុញឱ្យសេដ្ឋកិច្ចនានា ផ្លាស់ប្តូរយុទ្ធសាស្ត្រពាណិជ្ជកម្មយ៉ាងខ្លាំង ឆ្ពោះទៅរកការធ្វើពិពិធកម្មដៃគូ និងការកំណត់តួនាទីឡើងវិញនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។ លោកស្រី Kari Heerman នាយិកាផ្នែកពាណិជ្ជកម្ម និងគោលនយោបាយសេដ្ឋកិច្ចនៅវិទ្យាស្ថាន Brookings (សហរដ្ឋអាមេរិក) បានចាត់ទុកថា ទោះបីជាដៃគូសេដ្ឋកិច្ចភាគច្រើនរបស់អាមេរិក បានជ្រើសរើសការសន្ទនា និងការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរក៏ដោយ ប៉ុន្តែក្នុងរយៈពេលវែង ការតក់ស្លុតពីគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យសេដ្ឋកិច្ចទាំងនេះកាត់បន្ថយការពឹងផ្អែកលើទីផ្សារអាមេរិក។

“យើងមិនបានឃើញការវាយបកលើទូទាំងសកលលោកទេ។ យើងមិនចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មសកល ប្រឆាំងនឹងពន្ធគយ “ទិវារំដោះ” ទេ ប៉ុន្តែយើងកំពុងឃើញថា ដៃគូពាណិជ្ជកម្មរបស់អាមេរិក តាមមធ្យោបាយនានា កំពុងព្យាយាមកែសម្រួលវិធីធ្វើអន្តរកម្មសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក។ ពួកគេកំពុងខិតជិតគ្នា និងកាន់តែឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិក”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Kari Heerman។
សំណួរឥឡូវនេះគឺថា តើអនាគតនឹងទៅជាយ៉ាងណាសម្រាប់ពាណិជ្ជកម្មសកល? បច្ចុប្បន្ននេះ ជម្លោះនៅមជ្ឈិមបូព៌ាគឺជាអាទិភាពទី១ សម្រាប់រដ្ឋបាលសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យការពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្មត្រូវបានគ្របដណ្ដប់ដោយស្រមោល។ ទោះជាយ៉ាងណាក៏ដោយ រួមជាមួយនឹងការអនុវត្តពន្ធនាំចូលបំពេញបន្ថែម ១០% ថ្មី ក្នុងរយៈពេល ១៥០ ថ្ងៃ (គិតពីចុងខែកុម្ភៈ) រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏កំពុងជំរុញការស្វែងរកឧបករណ៍ផ្លូវច្បាប់ថ្មីៗ (រួមទាំងការបើកការស៊ើបអង្កេតពាណិជ្ជកម្មបន្ថែមទៀត) ដើម្បីបន្តរក្សាអត្រាពន្ធដែលបានប្រកាសកាលពីឆ្នាំមុន។ លោក David Super សាស្ត្រាចារ្យផ្នែកច្បាប់ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Georgetown (សហរដ្ឋអាមេរិក) បានធ្វើអត្ថាធិប្បាយថា៖
កត្តាដ៏លាក់កំបាំងមួយទៀតគឺផលប៉ះពាល់រយៈពេលវែងនៃជម្លោះនៅមជ្ឈិមបូព៌ា។ អ្នកជំនាញសេដ្ឋកិច្ចខ្លះ បានចាត់ទុកថា ប្រសិនបើជម្លោះអូសបន្លាយក្នុងរយៈពេលវែង ដែលមានន័យថា តម្លៃថាមពលនឹងហក់ឡើងខ្ពស់ សេដ្ឋកិច្ចនឹងធ្លាក់ចុះ ដែលបណ្ដាលឲ្យមិនត្រឹមតែដៃគូរបស់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែសហរដ្ឋអាមេរិកខ្លួនឯងក៏ត្រូវកែ សម្រួលគោលនយោបាយពាណិជ្ជកម្មឱ្យមានភាពបត់បែនជាងមុន ដោយមិនអាចរក្សាអត្រាពន្ធពីមុនបានឡើយ៕






