ព័ត៍មាន

ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងប្រ៊ុយណេ បើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការរីកចម្រើន

ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងប្រ៊ុយណេ បើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការរីកចម្រើន

(VOVWORLD) - ក្នុងឱកាសដែលស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម ហាជី ហាសាណាល់ បូលគីយ៉ា (Haji Hassanal Bolkiah) យាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសប្រ៊ុយណេ Tran Anh Vu អញ្ជើញមានបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំការនៅក្នុងតំបន់អាស៊ាន អំពីសារៈសំខាន់នៃដំណើរទស្សនកិច្ច យថាទស្សន៍សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យដែលប្រទេសទាំងពីររំពឹងថា នឹងមានការបោះជំហានយ៉ាងខ្លាំងក្លានាពេលខាងមុខ។

លោកប្រធានរដ្ឋ លឿង គឿង ជួបជាមួយស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ
ដារូសាឡឹម ហាជី ហាសាណាល់ បូលគីយ៉ា នៅសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥។ (រូបថត៖ VNA)

ទាក់ទងនឹងអត្ថន័យនៃដំណើរទស្សនកិច្ចនេះ ចំពោះទំនាក់ទំនងវៀតណាម-ប្រ៊ុយណេ ឯកអគ្គរដ្ឋទូត លោក Tran Anh Vu បានឲ្យដឹងថា៖ “ដំណើរទស្សនកិច្ចនេះរបស់ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាបន្តបន្ទាប់ បន្ទាប់ពីបានលើកកំពស់ទៅជាទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៩។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងពិភាក្សា និងវាយតម្លៃការអនុវត្តវិស័យសហប្រតិបត្តិការនៅក្នុងកម្មវិធីសកម្មភាពដើម្បីអនុវត្តភាពជាដៃគូគ្រប់ជ្រុងជ្រោយដំណាក់កាល ២០២៣-២០២៧ ដែលត្រូវបានអនុម័តក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសប្រ៊ុយណេរបស់នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ នាខែកុម្ភៈ ឆ្នាំ ២០២៣។ ជាពិសេស ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយសម្រាប់ភាគីទាំងពីរដើម្បីពិភាក្សាអំពីវិធានការដើម្បីពង្រឹង និងពង្រីកទស្សនៈសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ និងអាទិភាព ដូចជា៖ នយោបាយ ការទូត ការពារជាតិ សន្តិសុខ ថាមពល ទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន”។

យោងតាមលោកឯកអគ្គរដ្ឋទូត Tran Anh Vu ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកនេះ  វៀតណាមនិងប្រ៊ុយណេ គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការហាឡាល និងបង្កើនការសម្របសម្រួលក្នុងវិស័យនេសាទ ជាពិសេសក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.