ព័ត៍មាន

ពិធីប្រកាស គំនិតផ្តួចផ្តើមជំរុញការចាប់ផ្តើមអាជីវកម្ម AI

ពិធីប្រកាស គំនិតផ្តួចផ្តើមជំរុញការចាប់ផ្តើមអាជីវកម្ម AI

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ មិថុនា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) ចំណុះក្រសួងហិរញ្ញវត្ថុ សម្របសម្រួលជាមួយ Google បានប្រកាសពង្រីកកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្ម AI តាមរយៈកម្មវិធីបណ្តុះបណ្តាល Google for Startups ថ្មីចំនួនពីរ ក៏ដូចជាជំរុញដំណើរការបរិវត្តកម្មឌីជីថលនៅវៀតណាម តាមរយៈការបើកវគ្គបណ្តុះបណ្តាល Google AI Essentials កំណែភាសាវៀតណាមផងដែរ។

កម្មវិធីបណ្តុះបណ្តាលជួយអ្នកអភិវឌ្ឍន៍ AI ឱ្យយល់ពីរបៀបអនុវត្តមុខងារ AI ថ្មីបំផុតរបស់ Google; កសាងដំណោះស្រាយ GenAI ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់លាក់នៅតាមមូលដ្ឋាននីមួយៗក្នុងប្រទេសវៀតណាម។

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung និងគណៈប្រតិភូអញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការមនូវកម្មវិធី កសាងអនាគត AI របស់វៀតណាម - រូបថត៖ VGP/Thanh Huyen

ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង NIC និង Google ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មនិងនវានុវត្តន៍របស់វៀតណាមក្នុងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ ជាពិសេស បញ្ញាសិប្បនិម្មិត។

“ខ្ញុំសូមស្នើឱ្យសាជីវកម្មបច្ចេកវិទ្យាធំៗទាំងក្នុងនិងក្រៅប្រទេស វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងសហគមន៍អាជីវកម្មបន្តឆ្លើយតបនិងអនុវត្តគោលការណ៍និងការតំរង់ទិសលើការសិក្សា ការអភិវឌ្ឍន៍ និងអនុវត្តបញ្ញាសិប្បនិមិត្ត ដើម្បីបម្រើបុគ្គលម្នាក់ៗ អង្គការនីមួយៗ និងបម្រើខឿនសេដ្ឋកិច្ចទាំងមូល។ ជាមួយនឹងកម្លាំងពលកម្មវ័យក្មេង ថាមវន្ត ស្ទាត់ជំនាញបច្ចេកវិទ្យានិងនវានុវត្តន៍ សូមចូលរួមសហការគ្នា និងបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់ដំណើរការក្លាតជាមជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍ និងអនុវត្តន៍ AI ថ្នាក់តំបន់និងពិភពលោក”។

លោក Marc Woo នាយកប្រតិបត្តិ Google Vietnam បានសង្កត់ធ្ងន់ថា ឱកាសដើម្បីអភិវឌ្ឍសេដ្ឋកិច្ចដែលដឹកនាំដោយ AI នៅវៀតណាមគឺធំធេងណាស់។ Google ប្តេជ្ញាផ្តល់ឱកាសបណ្តុះបណ្តាលស៊ីជម្រៅ និងពន្លឿនការអភិវឌ្ឍន៍ ជួយអាជីវកម្មវៀតណាមចាប់ផ្តើមនិងពង្រីកទំហំ រួមចំណែកធ្វើឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌល AI ឈានមុខគេក្នុងតំបន់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.