ព័ត៍មាន

ចាប់ផ្តើមសកម្មភាពឃោសនានិងវប្បធម៌ APEC ឆ្នាំ ២០២៧

ចាប់ផ្តើមសកម្មភាពឃោសនានិងវប្បធម៌ APEC ឆ្នាំ ២០២៧

(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហាណូយ អនុគណៈកម្មាធិការឃោសនា និងវប្បធម៌នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ឆ្នាំ២០២៧ បានបើកកិច្ចប្រជុំដំបូង។ នៅក្នុងកិច្ចប្រជុំ តំណាងក្រសួងការបរទេសបានប្រកាសសេចក្តីសម្រេចចិត្តបង្កើតអនុគណៈកម្មាធិការឃោសនា និងវប្បធម៌នៃគណៈកម្មាធិការជាតិ APEC ២០២៧ ដឹកនាំដោយលោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស។

អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang។ រូបថត៖ Tran Thuy Ngoc/VOV1

APEC ឆ្នាំ២០២៧ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ នឹងមានសកម្មភាពជាច្រើន ក្នុងនោះ មានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ចំនួន ៥ កិច្ចប្រជុំរដ្ឋមន្ត្រីចំនួន ៨ និងសប្តាហ៍កម្រិតខ្ពស់ APEC នៅកោះ Phu Quoc។ យោងតាមអនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang វៀតណាមធ្លាប់បានធ្វើជាម្ចាស់ផ្ទះ APEC ចំនួន ២ដង នៅឆ្នាំ ២០០៦ និងឆ្នាំ ២០១៧ ដូច្នេះ វៀតណាមមានបទពិសោធន៍ក្នុងការរៀបចំ APEC ២០២៧ ឲ្យកាន់តែប្រសើរឡើង និងឆ្លៀតយកឱកាសនេះដើម្បីផ្សព្វផ្សាយរូបភាពប្រទេសជាតិ៖         “ឆ្នាំ APEC ២០២៧ មិនត្រឹមតែជាកិច្ចការអន្តរជាតិដែលយើងកំពុងរៀបចំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ល្អសម្រាប់យើងក្នុងការផ្សព្វផ្សាយរូបភាពប្រទេសជាតិទៅកាន់សហគមន៍អន្តរជាតិ ដោយបង្កើតឱកាសជាច្រើនទៀត ក្នុងនោះ រួមទាំងឱកាសសេដ្ឋកិច្ច ឱកាសអភិវឌ្ឍន៍ និងបង្កើតសន្ទុះសម្រាប់តំបន់សេដ្ឋកិច្ចពិសេស Phu Quoc និងខេត្ត An Giang ផងដែរ”។

អនុគណៈកម្មាធិការឃោសនា និងវប្បធម៌ APEC ឆ្នាំ ២០២៧ បានបើកកិច្ចប្រជុំលើកដំបូង។ រូបថត៖ Tran Thuy Ngoc/VOV1

នៅក្នុងកិច្ចប្រជុំនេះ បណ្តាសមាជិកបានចូលរួមមតិយោបល់ទៅក្នុងផែនទីបង្ហាញផ្លូវរបស់អនុគណៈកម្មាធិការឃោសនា និងវប្បធម៌ APEC ដើម្បីឃោសនានិងផ្សព្វផ្សាយសកម្មភាពរបស់វេទិកា APEC ២០២៧ ទាំងក្នុងស្រុក និងអន្តរជាតិឲ្យបានឆាប់រហ័ស៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.