ព័ត៍មាន

ចិន​ខិតខំ​ប្រឹងប្រែង​ជម្នះ​ផលវិបាកនៃ​ការ​រញ្ជួយ​ដី​នៅ​តំបន់ស្វយ័ត​ទីបេ

ចិន​ខិតខំ​ប្រឹងប្រែង​ជម្នះ​ផលវិបាកនៃ​ការ​រញ្ជួយ​ដី​នៅ​តំបន់ស្វយ័ត​ទីបេ

(VOVWORLD) - នាថ្ងៃទី ៨ ខែមករា អាជ្ញាធរចិនបានឲ្យដឹងថា ការងារស្វែងរក និងជួយសង្គ្រោះបន្ទាប់ពីការរញ្ជួយដីកម្រិត ៦,៨ រិចទ័រ ដែលបានវាយប្រហារតំបន់ស្វយ័តទីបេបានបញ្ចប់ជាមូលដ្ឋាន ហើយឥឡូវនេះ ការងារសំខាន់ៗគឺជាការផ្លាស់ទីលំនៅរបស់ប្រជាជនដែលរងផលប៉ះពាល់។

នៅក្នុងសន្និសីទសារព័ត៌មាន អភិបាលទីក្រុង Xigaze លោក Wang Fanghong បានឲ្យដឹងថា ការងារស្វែងរក និងជួយសង្គ្រោះបានបញ្ចប់ជាមូលដ្ឋាន បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះជាង ១០,០០០ នាក់ធ្វើការផ្ទៀងផ្ទាត់តាមគំនរបាក់បែក។ មនុស្សសរុបចំនួន ៤០៧ នាក់ត្រូវបានជួយសង្គ្រោះ។ បន្ទាប់នោះ អាជ្ញាធរមូលដ្ឋាននឹងបន្តប្រកាសអាសន្នអំពីការរញ្ជួយដី រក្សាប្រតិបត្តិការរុករក ដើម្បីធានាគ្មាននរណាម្នាក់បាត់ខ្លួន និងខិតខំប្រឹងប្រែងព្យាបាលអ្នករងរបួស។ ក្រៅពីនេះ អាជ្ញាធរនឹងធានាការតាំងទីលំនៅថ្មីឲ្យបានសមស្រប សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ផ្តល់ទីជម្រកសម្រាប់ប្រជាជនក្នុងអាកាសធាតុត្រជាក់ ទប់ស្កាត់គ្រោះមហន្តរាយបន្ទាប់បន្សំ ពន្លឿនការផ្ទៀងផ្ទាត់ គ្រោះមហន្តរាយ និងការកសាងឡើងវិញក្រោយគ្រោះមហន្តរាយ។

កម្លាំងជួយសង្គ្រោះស្វែងរកជនរងគ្រោះនៅកន្លែងរញ្ជួយដីក្នុងស្រុក Dingri តំបន់ស្វយ័តទីបេ ប្រទេសចិន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ រូបថត៖ THX/TTXVN

ការរញ្ជួយដីកាលពីថ្ងៃទី ៧ ខែមករា នៅតំបន់ទីបេបានបណ្តាលឲ្យមនុស្ស ១២៦នាក់បានស្លាប់ និង ១៨៨ នាក់ផ្សេងទៀតរងរបួស ហើយផ្ទះជាង ៣,៦០០ ខ្មងបានដួលរលំ។ មនុស្សជាង ១៤,៦០០ នាក់ រួមទាំងអ្នកពន្លត់អគ្គីភ័យ ទាហាន ប៉ូលីស និងអ្នកជួយសង្គ្រោះ បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.