ព័ត៍មាន

ចិនប្រឆាំងជំទាស់​នឹង​សេចក្តីថ្លែងការណ៍រួម អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង ទាក់ទងនឹង​តៃវ៉ាន់ (ចិន)

ចិនប្រឆាំងជំទាស់​នឹង​សេចក្តីថ្លែងការណ៍រួម អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង ទាក់ទងនឹង​តៃវ៉ាន់ (ចិន)

(VOVWORLD) - ប្រតិកម្មចំពោះសេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងដែលគាំទ្រតៃវ៉ាន់ (ចិន) ឱ្យចូលរួមក្នុងអង្គការអន្តរជាតិសមស្រប ក្រសួងការបរទេសចិនបានច្រានចោល និងអះអាងសារជាថ្មីម្តងទៀត នូវគោលការណ៍ "ប្រទេសចិនតែមួយ"។

ឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំ កាលពីថ្ងៃទី ១៧ កុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ចិនតែងតែប្រឆាំងជំទាស់យ៉ាងដាច់ខាតចំពោះការបង្កើតក្រុមតូចៗរបស់ប្រទេសពាក់ព័ន្ធ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា។ ប្រទេសចិនបានធ្វើការយ៉ាងតឹងរ៉ឹងជាមួយប្រទេសពាក់ព័ន្ធនានា។ កត្តាគន្លឹះក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺផ្អែកលើការគោរពគោលការណ៍ “ប្រទេសចិនតែមួយ”។ ការចូលរួមរបស់តៃវ៉ាន់នៅក្នុងអង្គការអន្តរជាតិត្រូវតែ និងអាចដោះស្រាយបាន តាមគោលការណ៍ប្រទេសចិនតែមួយប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ។ រូបថត៖ រ៉យទ័រ

មុននោះ រដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានជួបប្រជុំគ្នានៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich នៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ហើយបានចេញសេចក្តីថ្លែងការណ៍រួមដោយលើកឡើងពី "ការគាំទ្រចំពោះការចូលរួមដ៏មានអត្ថន័យរបស់តៃវ៉ាន់នៅក្នុងអង្គការអន្តរជាតិសមស្រប"។ សេចក្តីថ្លែងការណ៍រួមនៃប្រទេសទាំងបីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ និងប្រឆាំងរាល់សកម្មភាពបង្ខិតបង្ខំ ឬការប្រើប្រាស់ហឹង្សាដោយភាគីណាមួយផ្លាស់ប្តូរស្ថានភាពដោយឯកតោភាគីនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបន្តកិច្ចសហប្រតិបត្តិការដើម្បីការពារសេរីភាពនិងការបើកចំហនៅក្នុងតំបន់នេះ៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.