ព័ត៍មាន

ទីក្រុងហាណូយបើកការដ្ឋានសាងសង់ផ្លូវរថភ្លើងក្រុងលេខ ២ ដោយមានទុន វិនិយោគជាង ១,៣ ពាន់លានដុល្លារអាមេរិក

ទីក្រុងហាណូយបើកការដ្ឋានសាងសង់ផ្លូវរថភ្លើងក្រុងលេខ ២ ដោយមានទុន វិនិយោគជាង ១,៣ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧១ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៥) នាព្រឹកថ្ងៃទី ៩ ខែតុលា គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានបើកការដ្ឋានសាងសង់ផ្លូវរថភ្លើងក្រុងលេខ ២ (មេត្រូ) កំណាត់ Nam Thang Long - Tran Hung Dao ដែលមានទុនវិនិយោគសរុបជាង ១,៣ ពាន់លានដុល្លា។

ពិធីបើកការសាងសង់ផ្លូវរថភ្លើងក្រុងលេខ២នៃទីក្រុងហាណូយ។ (រូបថត៖ TTXVN)
គម្រោងសាងសង់ផ្លូវរថភ្លើងក្រុងលេខ២ នេះ គឺជាគម្រោងថ្នាក់ជាតិដ៏សំខាន់ មួយ ដោយប្រើប្រាស់កម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពីទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) រួមផ្សំជាមួយទុនបដិភាគថវិកាទីក្រុងហាណូយ។ ផ្លូវរថភ្លើងនេះ មានប្រវែងជិត ១១,៥ គីឡូម៉ែត្រ ក្នុងនោះមានផ្លូវនៅក្រោមដីជិត ៩ គីឡូម៉ែត្រ។ ខ្សែមេត្រូលេខ ១ គ្រោងនឹងត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២៩។ ថ្លែងក្នុងពិធីបើក ការដ្ឋាន អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Duong Duc Tuan បានសង្កត់ធ្ងន់ថា៖ “គម្រោងវិនិយោគសាងសង់ផ្លូវរថភ្លើងក្រុងលេខ២ Nam Thang Long – Tran Hung Dao មិនត្រឹមតែជាគម្រោងដឹកជញ្ជូនដ៏សំខាន់របស់រដ្ឋធានីប៉ុណ្ណោះទេ ថែម ទាំងជានិមិត្តរូបនៃចក្ខុវិស័យ ឆន្ទៈ និងសេចក្តីប្រាថ្នា ឆ្ពោះទៅរកគំរូអភិវឌ្ឍន៍ទីក្រុង ដោយផ្សាភ្ជាប់នឹងការដឹកជញ្ជូនសាធារណៈ - TOD ទៀតផង។ ស្ថានីយនីមួយៗមិនគ្រាន់តែជា កន្លែងឈប់ប៉ុណ្ណោះទេ ថែមទាំងក្លាយជាស្នូលនៃទីក្រុងដ៏រីកចម្រើន ឆ្លាតវៃ ហើយជា កន្លែងប្រមូលផ្ដុំនៃចរាចរណ៍ពាណិជ្ជកម្ម វប្បធម៌ទេសចរណ៍និងជីវភាពសង្គម ទៀតផង”។
យោងតាមផែនការទូទៅនៃរដ្ឋធានីហាណូយរហូតដល់ឆ្នាំ ២០៤៥ ចក្ខុវិស័យ ដល់ឆ្នាំ ២០៦៥ ទីក្រុងហាណូយនឹងអភិវឌ្ឍន៍ផ្លូវរថភ្លើងទីក្រុងចំនួន ១៥ ខ្សែ ដែលមាន ប្រវែងសរុបប្រហែល ៦២០ គីឡូម៉ែត្រ បង្កើតបានជាបណ្តាញដឹកជញ្ជូនសាធារណៈ ដ៏ធំ ល្បឿនលឿន និងទំនើប ដែលតភ្ជាប់មជ្ឈមណ្ឌលជាមួយតំបន់ទីក្រុង និងតំបន់ ជុំវិញ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.