ព័ត៍មាន

ទីក្រុងហូជីមិញពង្រឹងឋានៈជាមជ្ឈមណ្ឌលនាំចេញក្នុងដំណាក់កាលថ្មី

ទីក្រុងហូជីមិញពង្រឹងឋានៈជាមជ្ឈមណ្ឌលនាំចេញក្នុងដំណាក់កាលថ្មី

(VOVWORLD) - ក្នុងបរិបទពាណិជ្ជកម្មពិភព លោក ដែលមានភាពប្រែប្រួលខ្លាំង ការកើនឡើងនៃឧបសគ្គបច្ចេកទេស តម្រូវការបៃតង និងការកែតម្រូវគោលនយោបាយពន្ធគយនៅក្នុងសេដ្ឋកិច្ចសំខាន់ៗ មួយចំនួន សកម្មភាពនាំចេញរបស់ទីក្រុងហូជីមិញបានរក្សាសន្ទុះកំណើនវិជ្ជមាន។

តំបន់កាយ មែប មានគុណសម្បត្តិច្បាស់លាស់ទាក់ទងនឹងប្រវែងកំពង់ផែ និងសមត្ថភាពផ្ទុកនាវាធុនធ្ងន់ ហើយដល់ឆ្នាំ ២០៣០ ប្រវែងកំពង់ផែអាចឡើងដល់ ២២ គីឡូម៉ែត្រ (រូបថត៖ Luu Son/VOV-ទីក្រុងហូជីមិញ)

បន្ទាប់ពីការរួមបញ្ចូលតំបន់ទាំង ៣ ដែលមានឧស្សាហកម្មនិងពាណិជ្ជកម្ម នៅភាគខាងត្បូង (រួមមានទីក្រុងហូជីមិញ ខេត្តបារៀក-វុងតៅ និងខេត្តប៊ិញយឿង) ទីក្រុងហូជីមិញទទួលបានអត្ថប្រយោជន៍បន្ថែមទៀតដើម្បីកំណត់ខ្លួនជាមជ្ឈមណ្ឌលនាំចេញរបស់ប្រទេស និងតំបន់។

ជាទូទៅ ក្នុងអំឡុងពេលឆ្នាំ ២០២១-២០២៥ ចំណូលនាំចេញសរុបរបស់ទីក្រុងបានកើនឡើងពី ៨០,២៦ ពាន់លានដុល្លារអាមេរិក ឡើងដល់ ៩៥,៨ ពាន់លានដុល្លារអាមេរិក; ការនាំចូលបានកើនឡើងពី ៧៩,៧៣ ពាន់លានដុល្លារអាមេរិកដល់ ៩៨,២ ពាន់លានដុល្លារអាមេរិក។ រចនាសម្ព័ន្ធនាំចេញបន្តធ្វើពិពិធកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃ និងផលិតកម្មសំខាន់ៗដូចជា៖ គ្រឿងអេឡិចត្រូនិច - កុំព្យូទ័រ - គ្រឿងបន្លាស់ គ្រឿងចក្រ - ឧបករណ៍ វាយនភណ្ឌ - ស្បែកនិងស្បែកជើង ឈើ និងផលិតផលឈើ ឱសថ កៅស៊ូបច្ចេកទេស និងផ្លាស្ទិចបច្ចេកវិទ្យា...។ ទាក់ទងនឹងទីផ្សារ ទំនិញរបស់ទីក្រុងរក្សាបានកំណើននៅសហរដ្ឋអាមេ រិក សហភាពអឺរ៉ុប (EU) ចិន ជប៉ុន និងកូរ៉េខាងត្បូង។ ខណៈពេលដែលកំពុងពង្រីកខ្លួនទៅកាន់ទីផ្សារ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដូចជា៖ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP); កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP); កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA); កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-ចក្រភពអង់គ្លេស (UKVFTA) និងដំបូងឡើយបានជ្រៀតចូលទៅក្នុងទីផ្សារមជ្ឈិមបូព៌ា អាមេរិកខាងត្បូង និងអាហ្វ្រិក។

ឈានចូលដំណាក់កាលថ្មី ទន្ទឹមនឹងការរក្សាវត្តមាននៅសហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង ចំណុចលេចធ្លោរបស់ទីក្រុងគឺបើកទូលាយទៅកាន់ទីផ្សារថ្មីៗ ដោយផ្តោតលើមជ្ឈិមបូព៌ា អាស៊ីខាងត្បូង អាហ្វ្រិក អាមេរិកឡាទីននិងទីផ្សារពិសេសដែលមានស្តង់ដារខ្ពស់។ ទន្ទឹមជាមួយគ្នានេះ ពិនិត្យនិងអភិវឌ្ឍន៍ខ្សែផលិតផលដែលមានសក្តានុពល ដូចជាផលិតផលហាឡាល់ ផលិតផល Kosher ផ្លែឈើស្រស់សម្រាប់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក និងទំនិញបៃតង ទំនិញវិលជុំ និងទំនិញកាបូនទាប៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.