ព័ត៍មាន

ទីក្រុងហូជីមិញក្លាយជាសមាជិកបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ

ទីក្រុងហូជីមិញក្លាយជាសមាជិកបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ

(VOVWORLD) - ក្នុងឱកាសទិវាទីក្រុងពិភពលោក ថ្ងៃទី៣១ ខែតុលា អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បានប្រកាសបញ្ជីឈ្មោះទីក្រុងចំនួន ៥៨ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូនៅឆ្នាំនេះ។ ទីក្រុងហូជីមិញមានកិត្តិយសដែលបានក្លាយជាសមាជិកថ្មីក្នុងវិស័យភាពយន្ត ហើយក៏ជាទីក្រុងដំបូងគេនៅក្នុងប្រទេសវៀតណាម និងអាស៊ីអាគ្នេយ៍ដែលទទួលបានកិត្តនាមជាទីក្រុងច្នៃប្រឌិតអំពីភាពយន្ត។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក ង៉ូ លេវ៉ាន់ នៅក្នុងពិធីនេះ។ រូបថត៖ Anh Tuan/VOV-ប៉ារីស

អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ង៉ូ លេវ៉ាន់ បានសង្កត់ធ្ងន់ថា ការដែលទីក្រុងហូជីមិញត្រូវបានទទួលស្គាល់ជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ គឺជាជោគជ័យថ្មីមួយក្នុងដំណើរការអនុវត្តគោលនយោបាយ និងគោលដៅរបស់វៀតណាមស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងបរិបទថ្មី។ លោកអនុរដ្ឋមន្ត្រីបានសម្តែងជំនឿថា ក្នុងនាមជាសមាជិកនៃបណ្តាញបណ្តាទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ ទីក្រុងហូជីមិញនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទេពកោសល្យ និងអត្តសញ្ញាណច្នៃប្រឌិតរបស់ប្រជាជនវៀតណាមទៅកាន់ពិភពលោក។

បណ្តាញទីក្រុងច្នៃប្រឌិតត្រូវបានអង្គការយូណេស្កូបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដែលជាបណ្តាញសកលមួយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងទីក្រុងនានាដែលចាត់ទុកភាពច្នៃប្រឌិតជាកត្តាយុទ្ធសាស្ត្រនៃការអភិវឌ្ឍប្រកបដោយចីរភាពក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។ បច្ចុប្បន្ន បណ្តាញនេះរួមមានទីក្រុងចំនួន ៤០៨ មកពី ១០០ ប្រទេស ដែលតំណាងឱ្យវិស័យច្នៃប្រឌិតចំនួន ៨ រួមមាន៖ សិប្បកម្មនិងសិល្បៈប្រជាប្រិយ សិល្បៈប្រព័ន្ធផ្សព្វផ្សាយ ការរចនា រោងកុន ម្ហូបអាហារ អក្សរសាស្ត្រ តន្ត្រី និងស្ថាបត្យកម្ម។

រហូតមកដល់បច្ចុប្បន្ន ប្រទេសវៀតណាមមានទីក្រុងចំនួន ៤ ដែលជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ៖ គឺហាណូយ (វិស័យរចនា ឆ្នាំ ២០១៩) ហូយអាន (វិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ ឆ្នាំ ២០២៣) ដាឡាត់ (វិស័យតន្ត្រី ឆ្នាំ ២០២៣) និងទីក្រុងហូជីមិញ (វិស័យភាពយន្ត)៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.