ព័ត៍មាន

EU ពិន័យ TikTok ៥៣០ លានអឺរ៉ូ

EU ពិន័យ TikTok ៥៣០ លានអឺរ៉ូ

(VOVWORLD) - កាលពីថ្ងៃទី ២ ខែឧសភា ទីភ្នាក់ងារឃ្លាំមើលភាពឯកជនរបស់សហភាពអឺរ៉ុប (EU) បានពិន័យ TikTok រហូតដល់ ៥៣០ លានអឺរ៉ូ (៦០០ លានដុល្លារអាមេរិក) ដោយចោទប្រកាន់ពីការផ្ទេរទិន្នន័យពីកម្មវិធីចែករំលែកវីដេអូនេះ ទៅប្រទេសចិន ដោយបំពានលើច្បាប់ឯកជនភាពទិន្នន័យដ៏តឹងរឹងរបស់សហភាពអឺរ៉ុប។ នេះជាលទ្ធផលនៃការស៊ើបអង្កេតរយៈពេល៤ឆ្នាំរបស់អាជ្ញាធរអឺរ៉ុប។

ទូរស័ព្ទបង្ហាញរូបសញ្ញា TikTok ។ រូបថត៖ រ៉យទ័រ

នៅក្នុងសេចក្តីប្រកាសមួយ គណៈកម្មការ ការពារទិន្នន័យរបស់អៀរឡង់ (DPC) ដែលត្រួតពិនិត្យសុវត្ថិភាពទិន្នន័យនៅក្នុងប្រតិបត្តិការរបស់ TikTokនៅអឺរ៉ុប បានឲ្យដឹងថា TikTok បានបរាជ័យក្នុងការបញ្ជាក់ ធានាថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អឺរ៉ុប ដែលអាចចូលប្រើបានពីចម្ងាយនៅក្នុងប្រទេសចិន ត្រូវបានការពារនៅកម្រិតមួយស្មើនឹងការការពារនៅក្នុងសហភាពអឺរ៉ុប។ DPC ក៏បានចាត់ទុកថា TikTok មិនមានតម្លាភាពជាមួយអ្នកប្រើប្រាស់អំពីកន្លែងដែលទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានផ្ទេរ និងបានទាមទារឱ្យក្រុមហ៊ុន គោរពតាមបទបញ្ញាត្តិ ក្នុងរយៈពេល៦ខែ។

នេះជាលើកទីពីរដែល TikTok ត្រូវបាន DPC ពិន័យ។ ក្នុងឆ្នាំ ២០២៣ ទីភ្នាក់ងារនេះបានពិន័យ TikTok ៣៤៥ លានអឺរ៉ូសម្រាប់ការរំលោភលើច្បាប់ឯកជនភាពទាក់ទងនឹងការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់កុមារនៅក្នុងសហភាពអឺរ៉ុប។ TikTok បានឲ្យដឹងថា នឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.