ព័ត៍មាន

ហាណូយត្រូវតែជាកន្លែងភ្លឺសម្រាប់ទេពកោសល្យ បញ្ចេញបញ្ញា និងផ្សព្វផ្សាយលក្ខណៈមនុស្សសាស្ត្រ

ហាណូយត្រូវតែជាកន្លែងភ្លឺសម្រាប់ទេពកោសល្យ បញ្ចេញបញ្ញា និងផ្សព្វផ្សាយលក្ខណៈមនុស្សសាស្ត្រ

(VOVWORLD) - ក្រោមប្រធានបទ “សាមគ្គីភាព នវានុវត្តន៍ គំនិតច្នៃប្រឌិត និងប្រឡងប្រណាំងកសាងរដ្ឋធានីដ៏ស៊ីវិល័យ ទំនើប និងសុភមង្គល” នាព្រឹកថ្ងៃទី១០ ខែតុលានេះ នៅទីក្រុងហាណូយ បានរៀបចំមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ ដំណាក់កាល ២០២៥-២០៣០។ ពិធីនេះធ្វើឡើងក្នុងឱកាសខួបលើកទី៧១ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៥)។

នាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួម និងថ្លែងមតិនៅមហាសន្និបាត។ រូបថត៖ VOV

អញ្ជើញចូលរួមនិងថ្លែងមតិនៅមហាសន្និបាត នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង និងសរសើរមជ្ឈិមបានអះអាងថា គំរូជឿនលឿន ពលរដ្ឋឆ្នើមរបស់រដ្ឋធានី និងគំរូ “មនុស្សល្អ អំពើល្អ” គឺជាផ្កាដ៏ស្រស់ស្អាតនៅក្នុងសួនផ្កាដ៏ស្រស់បំព្រង រួមចំណែកដល់សមិទ្ធិផលឆ្នើមរួមរបស់រដ្ឋធានីក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា៖ “ចលនាប្រឡងប្រណាំងគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍរបស់រដ្ឋធានី បន្តបញ្ជាក់ពីតួនាទីរបស់ខ្លួនជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។ រូបរាងរបស់រដ្ឋធានីបានផ្លាស់ប្តូរយ៉ាងខ្លាំងជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ ដែលកំពុងត្រូវបានវិនិយោគ និងសាងសង់ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តែងតែដឹកនាំប្រទេសទាំងមូលអំពីវប្បធម៌ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាជន កំណែទម្រង់រដ្ឋបាលប្រកបដោយប្រសិទ្ធភាព”។

ដោយមានគណៈប្រតិភូចំនួន ៦០០ នាក់ជាគំរូជឿនលឿន  យុទ្ធជនប្រឡងប្រណាំងចូលរួមមហាសន្និបាត លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា គណៈប្រតិភូនឹងបន្តធ្វើជាគំរូល្អ លើកកំពស់សមត្ថភាព និងភាពវៃឆ្លាត ខិតខំឥតឈប់ឈរ តែងតែជាកម្លាំងស្នូលនៃចលនាប្រឡងប្រណាំងស្នេហាជាតិនៅក្នុងទីភ្នាក់ងារ អង្គភាព និងមូលដ្ឋាន។

ក្នុងមហាសន្និបាត នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានប្រគល់កិត្តនាម យុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេស ដល់លោកគ្រូឆ្នើម បណ្ឌិត Pham Xuan Khanh លេខាគណៈកម្មាធិការបក្ស នាយកសាលាបច្ចេកវិទ្យាខ្ពស់ហាណូយ

និង អ្នកគ្រូឆ្នើម អនុបណ្ឌិត Dao Thi Thuy នាយិកាសាលាបឋមសិក្សា Doan Thi Diem - ហាណូយ។ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោកស្រី Bui Thi Minh Hoai និងអនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានប្រគល់កិត្តនាម “ពលរដ្ឋរដ្ឋធានីឆ្នើម” ឆ្នាំ ២០២៥ ដល់បុគ្គលចំនួន ១០ នាក់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.