ព័ត៍មាន

ជម្លោះនៅមជ្ឈិមបូព៌ា៖ ការប្រយុទ្ធគ្នានៅតែប្រព្រឹត្តទៅយ៉ាងសាហាវ

ជម្លោះនៅមជ្ឈិមបូព៌ា៖ ការប្រយុទ្ធគ្នានៅតែប្រព្រឹត្តទៅយ៉ាងសាហាវ

(VOVWORLD) - កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីយប់ថ្ងៃទី ៣០ ខែមីនា បានឲ្យដឹងថា កងទ័ពជើងអាកាសនៃប្រទេសនេះ បានបើកការវាយប្រហារថ្មីទៅលើអគាររដ្ឋាភិបាលនៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់។

តំបន់លំនៅដ្ឋានមួយត្រូវបានបំផ្លាញដោយការវាយប្រហារតាមជើងអាកាសនៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្នុងបរិបទនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។ (រូបថត៖ Majid Asgaripour/WANA តាមរយៈ REUTERS)

មុននោះ នាព្រឹកថ្ងៃទី២៩ ខែមីនា កងទ័ពជើងអាកាសអ៊ីស្រាអែលក៏បានវាយឆ្មក់លើ មូលដ្ឋានផលិតអាវុធ និងរោងចក្រផលិតម៉ាស៊ីនយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ នៅទីក្រុងតេអេរ៉ង់ផងដែរ។ នៅតំបន់ភាគកណ្តាលប្រទេសអ៊ីរ៉ង់ យន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីស្នាក់ការកណ្ដាលនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ រួមទាំងអគារពហុមុខងាររបស់កងជីវពល Basij នៅ Daghlan និងស្ថានីយ៍ប៉ូលីសមួយនៅ Sanandaj។

ក្នុងពេលជាមួយគ្នានោះ ប៉ូស្តិ៍ CBS News បានរាយការណ៍កាលពីថ្ងៃទី២៩ ខែមីនាថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានគេជឿថា បានដាក់ពង្រាយទាហាននៃកងកម្លាំងពិសេសរាប់រយនាក់ទៅកាន់មជ្ឈិមបូព៌ា។ ក្រុមទាហាននេះ រួមទាំងកងកម្លាំងពិសេស SEALs របស់កងទ័ពជើងទឹក កងទ័ពជើងគោក កងម៉ារីន និងទាហានឆ័ត្រយោង ដែលអាចត្រូវបានប្រើដើម្បីធានាសន្តិសុខនៅច្រកសមុទ្រ Hormuz គ្រប់គ្រងកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងរបស់អ៊ីរ៉ង់ ឬទប់ស្កាត់កម្មវិធីចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់ប្រទេសនេះ។

ទាក់ទងនឹងច្រកសមុទ្រ Hormuz រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងធានាសិទ្ធិសេរីភាពនាវាចរណ៍នៅតាមផ្លូវយុទ្ធសាស្ត្រនេះតាមរយៈប្រតិបត្តិការអមដំណើររបស់សហរដ្ឋអាមេរិក ឬកងកម្លាំងពហុជាតិ។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលវែង សហរដ្ឋអាមេរិកនឹង “ដណ្ដើមយកការគ្រប់គ្រងឡើងវិញ” ចំពោះច្រកសមុទ្រ Hormuz។

នៅខាងអ៊ីរ៉ង់វិញ កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានប្រកាសថា ពួកគេបានបើកការវាយប្រហារថ្មីៗនៅក្នុងប្រតិបត្តិការ “ការសន្យាពិតទី ៤” ដែលផ្តោតលើគោលដៅយុទ្ធសាស្ត្រនៅអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.