ព័ត៍មាន

ជំនួប​ប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន៖ គំរូនៃកិច្ចសហប្រតិបត្តិការការពារជាតិព្រំដែន

ជំនួប​ប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន៖ គំរូនៃកិច្ចសហប្រតិបត្តិការការពារជាតិព្រំដែន

(VOVWORLD) - ដោយបានរៀបចំឡើងចំនួន ១០លើក ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន ចិន-វៀតណាម បានក្លាយជាចំណុចលេចធ្លោមួយនៅក្នុងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ។

នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង រដ្ឋមន្ត្រីការពារជាតិវៀតណាម ក្នុងកិច្ចសន្ទនាជាមួយលោក ដុង ជុន រដ្ឋមន្ត្រីការពារជាតិចិន ក្នុងក្របខ័ណ្ឌនៃកម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី ១០ ដែលបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ១៨ ខែមីនា នៅខេត្តក្វាងនិញ។

ទិដ្ឋភាពនៃកិច្ចសន្ទនា។ រូបថត៖ Le Phuong/VOV5

យោងតាមនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង ចាប់តាំងពីឆ្នាំ ២០១៤មក ក្រោយរយៈពេល ១២ ឆ្នាំ និងការរៀបចំចំនួន ១០ លើក កម្មវិធីជួបប្រាស្រ័យនេះបានក្លាយជាបណ្តាញទំនាក់ទំនងដ៏សំខាន់ រវាងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិទាំងពីរ លើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយបង្រួបបង្រួមទិសដៅសហប្រតិបត្តិការ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិក្លាយជាសសរស្តម្ភពិតប្រាកដនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ ជំរុញការទូតប្រជាជននិងពង្រឹងចំណងមិត្តភាពរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង បានបញ្ជាក់ថា កម្មវិធីនេះ គឺជាគំរូឆ្នើមនៃកិច្ចសហប្រតិបត្តិការការពារជាតិព្រំដែន ជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងកម្មាភិបាល យុទ្ធជន និងប្រជាជននៅសងខាងព្រំដែន។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក ដុង ជុន បានវាយតម្លៃថា នាប៉ុន្មានឆ្នាំកន្លងទៅ ជំនួបប្រាស្រ័យនេះបានផ្សព្វផ្សាយស្មារតីមិត្តភាព រួមចំណែកដល់ការអភិវឌ្ឍគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងទ្វេភាគី និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខក្នុងតំបន់ ជាពិសេសតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី ដុង ជុន បានស្នើថា នាពេលអនាគត ភាគីទាំងពីរគួរតែបន្តពង្រឹងការផ្លាស់ប្តូរ ដោយរួមចំណែកដល់ការធានាស្ថិរភាពក្នុងតំបន់ និងពិភពលោក។

នៅរសៀលថ្ងៃទី១៨ ខែមីនា ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿង ថាង អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានធ្វើជាអធិបតីក្នុងពិធីជំរាបលាចំពោះនាយឧត្តមសេនីយ៍ ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុងកាយ (ស្ពានបាក់លួន ១) បន្ទាប់ពីបានបញ្ចប់ប្រកបដោយជោគជ័យនូវសកម្មភាពនៅខាងភាគីវៀតណាម ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០។

យោងតាមផែនការ នៅព្រឹកថ្ងៃទី១៩ ខែមីនា នាយឧត្តមសេនីយ៍ ដុង ជុន នឹងស្វាគមន៍នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង និងគណៈប្រតិភូវៀតណាម មកចូលរួមសកម្មភាពនានា ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យ នៅក្នុងតំបន់ស្វយ័តក្វាងស៊ី ជួង នៃប្រទេសចិន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.