ព័ត៍មាន

ជំរុញទំនាក់ទំនងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម -ឡាវ

ជំរុញទំនាក់ទំនងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម -ឡាវ

(VOVWORLD) - តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត នារសៀលថ្ងៃទី ២៤ មេសា ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីទីក្រុងហាណូយទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង។ (រូបថត៖ TTXVN)

នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅឡាវរបស់លោកប្រធានរដ្ឋ លឿង គឿង ដែលបង្ហាញពីការគោរពនិងអាទិភាពខ្ពស់របស់វៀតណាមចំពោះឡាវ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការជំរុញចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងវៀតណាម និងឡាវផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Nguyen Manh Cuong បានឲ្យដឹងថា៖

“ទំនាក់ទំនងវៀតណាម-ឡាវ គឺជាទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ នាពេលកន្លងមក ទោះបីជាស្ថានភាពពិភពលោកនិងតំបន់មានការវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរជានិច្ចកាលត្រូវបានថ្នាក់ដឹកនាំបក្សទាំងពីរ ប្រទេសទាំងពីរយកចិត្តទុកដាក់ជំរុញ ហើយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ បក្សទាំងពីរ និងប្រទេសទាំងពីរបានជួបប្រជុំគ្នា និងផ្លាស់ប្តូរព័ត៌មានជាប្រចាំតាមយន្តការផ្សេងៗគ្នា ដើម្បីរួមគ្នាដាក់ចេញគោលនយោបាយជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ”។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឡាវរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានរួមចំណែកនាំទំនាក់ទំនងវៀតណាម - ឡាវអភិវឌ្ឍន៍ឡើងកំពស់ថ្មី កាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.