ព័ត៍មាន

ជំរុញកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ ក្នុងការទប់ស្កាត់និងបង្ក្រាប​បទល្មើស​ជួញដូរមនុស្ស

ជំរុញកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ ក្នុងការទប់ស្កាត់និងបង្ក្រាប​បទល្មើស​ជួញដូរមនុស្ស

(VOVWORLD) - ដោយប្រធានបទ "ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក្នុងយុគសម័យឌីជីថល" នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម បានធ្វើជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គលើកទី៦ ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស (IMM6); គំនិតផ្តួចផ្តើមនៃការសម្របសម្រួលថ្នាក់រដ្ឋមន្ត្រីស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ (ដំណើរការ COMMIT)។

ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son និងប្រធានគណៈប្រតិភូ ដែលចូលរួមសន្និសីទរដ្ឋមន្ត្រីមហាអនុតំបន់ទន្លេមេគង្គលើកទី ៦ ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស - IMM6 - រូបថត៖ VGP/Hai Minh

អញ្ជើញចូលរួម និងថ្លែងនៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាម និងបណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គកំពុងប្រឈមមុខនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីជាច្រើនដែលកាន់តែស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាន រួមទាំងបទល្មើសជួញដូរមនុស្សផងដែរ។ វៀតណាមបានកំណត់ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងបទល្មើសជួញដូរមនុស្សជាភារកិច្ចស្នូល និងជាអចិន្រៃយ៍ ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមនៃប្រព័ន្ធនយោបាយទាំងមូល។ បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមបានអនុវត្តន៍ដំណោះស្រាយ ផែនការ កម្មវិធី និងគោលនយោបាយជាច្រើន រួមទាំងកម្មវិធីស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សដំណាក់កាល ២០២១-២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០។ ជាពិសេស នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ ដោយផ្អែកលើមូលដ្ឋាននោះ ទីភ្នាក់ងារសមត្ថកិច្ចបានដាក់ពង្រាយវិធានការជាបន្តបន្ទាប់ និងទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសជួញដូរមនុស្ស និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

យោងតាមលោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son ក្នុងបរិបទបច្ចុប្បន្ន វៀតណាម និងបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គត្រូវបន្តសហការគ្នា កៀរគរធនធាន និងស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ការពារជនរងគ្រោះ តាមបាវចនាថា យកជនរងគ្រោះជាចំណុចកណ្តាល រួមចំណែកដល់ការកសាងមហាអនុតំបន់ទន្លេមេគង្គប្រកបដោយស្ថិរភាព សុវត្ថិភាព អភិវឌ្ឍប្រកបដោយចីរភាពនិងវិបុលភាព៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.