ព័ត៍មានការស្លាប់និងរងរបួសយ៉ាងធ្ងន់ធ្ងរនៅហ្គាហ្សា; ជនអ៊ីស្រាអែលបន្តធ្វើបាតុកម្មប្រឆាំងនឹងសង្រ្គាម
ការស្លាប់និងរងរបួសយ៉ាងធ្ងន់ធ្ងរនៅហ្គាហ្សា; ជនអ៊ីស្រាអែលបន្តធ្វើបាតុកម្មប្រឆាំងនឹងសង្រ្គាម
ថ្ងៃព្រហស្បតិ៍, 17:12, 18/09/2025
VOV5
(VOVWORLD) - ទីភ្នាក់ងារសុខាភិបាលហ្គាហ្សាបាននិយាយកាលពីថ្ងៃទី ១៧ ខែកញ្ញា ថា ការវាយ ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា ក្នុងថ្ងៃដដែល បានបណ្តាល ឱ្យមនុស្សយ៉ាងហោចណាស់ ៥០ នាក់ស្លាប់និងរាប់រយនាក់បានរងរបួស។
ប្រជាជនប៉ាឡេស្ទីនផ្លាស់ទីទៅភាគខាងត្បូងបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានបញ្ជាឱ្យប្រជាជននៅទីក្រុង ហ្គាហ្សា ជម្លៀសចេញភាគខាងត្បូង នៅកណ្តាលតំបន់ហ្គាហ្សា នាថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២៥។ (រូបថត៖ REUTERS/Mahmoud Issa) |
ការស្លាប់ និងរងរបួសយ៉ាងធ្ងន់ធ្ងរបំផុតគឺនៅតែស្ថិតនៅក្នុងតំបន់ទីក្រុងហ្គាហ្សា ជាកន្លែងដែល កងទ័ពអ៊ីស្រាអែលកំពុងបើកការវាយប្រហារដោយទាំងកម្លាំងទ័ពជើងគោក និងទ័ព ជើងអាកាសដើម្បីទន្ទ្រានកាន់កាប់។ ប្រតិបត្តិការប្រយុទ្ធកាន់តែខ្លាំងរបស់អ៊ីស្រាអែល ក៏បានបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បន្តភៀសខ្លួនចេញពីទីក្រុងហ្គាហ្សាទៅជ្រកកោនផងដែរ។
នៅថ្ងៃដដែល នៅអ៊ីស្រាអែល ប្រជាជនរាប់រយនាក់ រួមទាំងសាច់ញាតិរបស់ ចំណាប់ខ្មាំងជាច្រើន បានបន្តប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅខាងក្រៅផ្ទះរបស់លោក នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងទីក្រុងហ្សេរុយសាឡឹម ដើម្បីប្រឆាំងជំទាស់ នឹងប្រតិបត្តិការវាយប្រហារដណ្តើមយកទីក្រុងហ្គាហ្សារបស់កងទ័ពអ៊ីស្រាអែល។ ក្រុមបាតុករព្រួយបារម្ភថា ការវាយប្រហារលើទីក្រុងហ្គាហ្សា នឹងបង្កគ្រោះថ្នាក់ដល់ អាយុជីវិតចំណាប់ខ្មាំង ហើយដាស់តឿនឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ឆ្ពោះទៅរកកិច្ច ព្រមព្រៀងឈប់បាញ់ និងផ្លាស់ប្តូរចំណាប់ខ្មាំងជាមួយកងកម្លាំងហាម៉ាស។
នៅកម្រិតអន្តរជាតិ បណ្តាប្រទេសអារ៉ាប់ និងឥស្លាមបន្តថ្កោលទោស និងតម្រូវ ឱ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការវាយប្រហារលើទីក្រុងហ្គាហ្សា ត្រឡប់ ទៅតុចរចាវិញដើម្បីជំរុញកិច្ចព្រមព្រៀងឈប់បាញ់ និងឆ្ពោះទៅរកការបញ្ចប់ជម្លោះ ទាំងស្រុង៕