ព័ត៍មាន

ខ្យល់ព្យុះ វីផា ចុះខ្សោយ ខណៈដែល​ខេត្ត​ក្រុង​​ជាច្រើនមានទឹកភ្លៀងធ្លាក់ខ្លាំង ការ​បាក់ដី និង​ទឹកជំនន់

ខ្យល់ព្យុះ វីផា ចុះខ្សោយ ខណៈដែល​ខេត្ត​ក្រុង​​ជាច្រើនមានទឹកភ្លៀងធ្លាក់ខ្លាំង ការ​បាក់ដី និង​ទឹកជំនន់

(VOVWORLD) - នាថ្ងៃទី ២៣ កក្កដា ខ្យល់ព្យុះ វីផា (Wipha) បានចុះខ្សោយ ហើយកំពុងធ្វើដំណើរវិវត្តតាមទិសខាងលិច-និរតី បន្ទាប់មក បន្តចុះខ្សោយទៅជាតំបន់សម្ពាធទាបនៅភាគខាងជើងប្រទេសឡាវ។

ដោយរងឥទ្ធិពលនៃព្យុះនេះ ចាប់ពីរសៀលថ្ងៃទី ២២ កក្កដា ដល់ព្រឹកថ្ងៃទី ២៣ កក្កដា នៅខេត្ត Thanh Hoa, Nghe An, ភាគខាងត្បូងខេត្ត Phu Tho និងខេត្ត Son La មានទឹកភ្លៀងធ្លាក់ខ្លាំង។ កម្ពស់ទឹកភ្លៀងជាមធ្យមគឺ ៤០-១០០mm នៅកន្លែងខ្លះមានកម្ពស់ ២០០mm។ ភ្លៀងធ្លាក់ខ្លាំងបានបង្កការជន់លិចនៅតំបន់វាលទំនាប តំបន់ទីក្រុងនិងមណ្ឌលឧស្សាហកម្ម ហើយអាចបណ្តាលឲ្យមានទឹកជំនន់នៅតាមដងទន្លេ និងអូរតូចៗ ការរអិលបាក់ដីនៅតាមច្រាំងចោតផងដែរ។

កម្ពស់ទឹកទន្លេ និងស្ទឹងបានកើនឡើង ដែលបណ្តាលឱ្យមានការបាក់ដីនៅកន្លែងជាច្រើនក្នុងឃុំ Nhon Mai (Nghe An)។ រូបថត៖ Sy Duc/VOV

នៅខេត្ត Nghe An ដោយរងឥទ្ធិពលនៃព្យុះវីផា ទឹកពីទន្លេខាងលើបានបណ្តាលឱ្យមានការបាក់ដីនៅកន្លែងជាច្រើន ក្នុងតំបន់ព្រៃភ្នំនៅឃុំ Muong Xen, ឃុំ Nhon Mai ឃុំ Muong Quang និងតំបន់លំនៅដ្ឋានជាច្រើនត្រូវបានជន់លិច។ ខ្សែផ្លូវសំខាន់ៗ មានការលិចលង់យ៉ាងខ្លាំង ដែលបង្កគ្រោះថ្នាក់ដល់មនុស្ស និងយានយន្ត។ គួរកត់សម្គាល់ថា តំបន់លំនៅដ្ឋាននៅតាមមាត់ទន្លេនិងស្ទឹងមានហានិភ័យខ្ពស់ក្នុងការបាក់ស្រុតដី ហើយអាជ្ញាធរមូលដ្ឋានកំពុងកៀងគរកម្លាំងទាំងអស់ដើម្បីជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព។ លោក Le Hong Thai ប្រធានគណៈកម្មាធិការប្រជាជនឃុំ Nhon Mai បានឲ្យដឹងថា៖ “គណៈបញ្ជាការបង្ការ ទប់ទល់នឹងគ្រោះធម្មជាតិរបស់ឃុំបានជួបប្រជុំ និងណែនាំដល់កងកម្លាំងសមត្ថកិច្ច សម្របសម្រួលជាមួយកងកម្លាំងដែលឈរជើងក្នុងតំបន់ដូចជា កងទ័ពការពារព្រំដែន នគរបាល និងយោធា។ យើងបានជម្លៀសក្រុមគ្រួសារចំនួន ១៩ នៅភូមិ Xoi Voi ទៅផ្ទះវប្បធម៌ ដើម្បីរៀបចំជីវភាពបណ្តោះអាសន្នសម្រាប់គ្រួសារទាំងនេះ"។

ខ្សែផ្លូវជាច្រើនក្នុងខេត្ត Thanh Hoa ត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងពេលមានព្យុះ វីផា កាលពីថ្ងៃទី ២២ ខែកក្កដា។ រូបថត៖ VOV5

នៅខេត្ត Phu Tho អាជ្ញាធរមូលដ្ឋានក៏បានជម្លៀសក្រុមគ្រួសារជាង ៣៤០ ដែលរស់នៅក្នុងតំបន់មានហានិភ័យនៃការបាក់ដី និងទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.