ព័ត៍មាន

កិច្ចប្រជុំកំពូល APEC ២០២៥៖ កូរ៉េខាងត្បូងប្រកាសពីសកម្មភាពក្រៅផ្លូវការរបស់មេដឹកនាំអាមេរិក និងចិន

កិច្ចប្រជុំកំពូល APEC ២០២៥៖ កូរ៉េខាងត្បូងប្រកាសពីសកម្មភាពក្រៅផ្លូវការរបស់មេដឹកនាំអាមេរិក និងចិន

(VOVWORLD) - ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងលោក Wi Sung Lac នាថ្ងៃទី ២៤ ខែតុលា បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Gyeongju ខេត្ត Gyeongsang ខាងជើង ចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

លោក Wi Sung Lac បានឲ្យដឹងថា លោកប្រធានាធិបតី Lee Jae Myung នឹងមានជំនួនកំពូលជាមួយលោកប្រធានាធិបតី Trump នៅថ្ងៃទី ២៩ ខែតុលា។ កិច្ចពិភាក្សានាពេលខាងមុខរវាងមេដឹកនាំទាំងពីរគឺមានអត្ថន័យសំខាន់នៅក្នុងបរិបទដែលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនកំពុងចរចាដើម្បីបង្រួមគម្លាត ពាក់ព័ន្ធនឹងកញ្ចប់វិនិយោគចំនួន ៣៥០ ពាន់លានដុល្លារដែលកូរ៉េខាងត្បូងបានសន្យាកាលពីមុន ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាមេរិក តាមនោះ ជួយកាត់បន្ថយពន្ធនាំចូលលើទំនិញកូរ៉េខាងត្បូងចូលទីផ្សារអាមេរិកពីកម្រិត ២៥% មកត្រឹម ១៥%។

កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នឹងប្រព្រឹត្តទៅនៅទីក្រុង Gyeongju ខេត្ត Gyeongsang ខាងជើង ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។ រូបថត៖ REUTERS/Kim Hong-Ji

ក្នុងពេលនោះ នៅក្នុងកិច្ចពិភាក្សាដោយផ្ទាល់លើកដំបូងរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងប្រធានរដ្ឋចិន លោក Xi Jinping ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែវិច្ឆិកា ភាគីទាំងពីរនឹងពិភាក្សាអំពីវិធីសាស្ត្រជំរុញលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងបញ្ហាសន្តិសុខក្នុងតំបន់ រួមទាំងស្ថានភាពនៅឧបទ្វីបកូរ៉េផងដែរ។

យោងតាមសេចក្តីប្រកាសពីសេតវិមាននៅថ្ងៃទី ២៣ ខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងជួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping នៅថ្ងៃទី ៣០ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកនៅទ្វីបអាស៊ី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.