ព័ត៍មាន

កងទ័ពប្រជាជនវៀតណាមប្តេជ្ញាបន្តរួមចំណែកកសាងអាស៊ានមួយសាមគ្គីភាពនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

កងទ័ពប្រជាជនវៀតណាមប្តេជ្ញាបន្តរួមចំណែកកសាងអាស៊ានមួយសាមគ្គីភាពនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

(VOVWORLD) - នេះជាការអះអាងរបស់នាយឧត្តមសេនីយ៍ ង្វៀន តឹន គឿង (Nguyen Tan Cuong)ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ក្នុងកិច្ចប្រជុំមេបញ្ជាការកងកម្លាំងការពារជាតិអាស៊ាន លើកទី២២ (ACDFM-២២) ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា នៅរដ្ឋធានី Kuala Lumpur (ម៉ាឡេស៊ី)។

នាយឧត្តមសេនីយ៍ លោក Nguyen Tan Cuong ថ្លែងមតិនៅ ADFM-២២

ក្នុងសុន្ទរកថា  លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានមានប្រសាសន៍ថា ជាងពេលណាៗទាំងអស់ អាស៊ានចាំបាច់ត្រូវលើកកំពស់តួនាទីកណ្តាលរបស់ខ្លួន និងពង្រឹងសាមគ្គីភាពក្នុងប្លុកតាមរយៈសកម្មភាពជាក់ស្តែងដើម្បីជំនះរាល់បញ្ហាប្រឈមរួម។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើទិសដៅចំនួនបួនសម្រាប់កិច្ចសហប្រតិបត្តិការយោធា-ការពារជាតិរបស់អាស៊ាន រួមមានៈ បន្តពង្រឹងសាមគ្គីភាព និងតួនាទីកណ្តាលរបស់អាស៊ាន ជំរុញប្រសិទ្ធភាពយន្តការសហប្រតិបត្តិការការពារជាតិដែលមានស្រាប់; ពង្រឹងការចែករំលែកព័ត៌មានជាយុទ្ធសាស្ត្រក្នុងចំណោមកងកម្លាំងយោធាអាស៊ាន។ បង្កើនកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខក្រៅជាប្រពៃណី ដំបូងបង្អស់គឺការធានាសុវត្ថិភាពតាមអ៊ីនធឺណិត។ ជំរុញការផ្លាស់ប្តូរវិស័យការពារជាតិ តាមរយៈសកម្មភាពដែលអាចបត់បែនបាន សមស្របទៅនឹងលក្ខខណ្ឌរបស់ប្រទេសនីមួយៗ។

ប្រធានគណៈប្រតិភូការពារជាតិអាស៊ានថតរូបអនុស្សាវរីយ៍

អំពីស្ថានភាពនៅសមុទ្រខាងកើត លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលជំហរក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានា; អនុលោមតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ វៀតណាមគាំទ្រការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចឲ្យបានឆាប់ៗក្រមប្រតិបត្តិសម្រាប់ភាគីនានា នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងខ្លឹមសារ ស្របតាមច្បាប់អន្តរជាតិ និង UNCLOS ១៩៨២។

នៅក្នុងសន្និសិទនេះ បានប្រព្រឹត្តទៅពិធីប្រគល់តំណែងប្រធាន ADFM លើកទី ២៣, AMIM លើកទី ២៣ និង AMOM លើកទី ១៦ ដល់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ ២០២៦ ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.