ព័ត៍មាន

ក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា ជួយជំនះផលវិបាកនៃគ្រោះរញ្ជួយដី

ក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា ជួយជំនះផលវិបាកនៃគ្រោះរញ្ជួយដី

(VOVWORLD) - នៅថ្ងៃទី ៣១ មីនា សមាជិកចំនួន ១០៦ នាក់នៃក្រុមការងារចំនួនពីរ នៃក្រសួង ការពារប្រទេស និងក្រសួងនគរបាលវៀតណាមបានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះ នៅតំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា។ ទំនិញសង្គ្រោះក៏នឹងត្រូវបានបញ្ជូនទៅដល់ប្រជាជននៅតំបន់រងគ្រោះផងដែរ។

សមាជិកចំនួន ១០៦ នាក់នៃក្រុមការងារចំនួនពីរនៃក្រសួងការពារប្រទេស និងក្រសួងនគរបាលវៀតណាម ទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួយជំនះលើផលវិបាកនៃការរញ្ជួយដី។ (រូបថត៖ qdnd.vn) 
កាលពីថ្ងៃទី៣០ មីនា បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Yangon កងកម្លាំង ជួយសង្គ្រោះពីក្រសួងការពារប្រទេស និងក្រសួងនគរបាលវៀតណាមបានធ្វើដំណើរ តាមរថយន្តទៅកាន់រដ្ឋធានី Naypyitaw ដែលមានចម្ងាយជាង ៤៥០ គីឡូម៉ែត្រពី ទីក្រុង Yangon ដើម្បីពិភាក្សា និងសម្របសម្រួលជាមួយភាគីមិត្ត ក្នុងការអនុវត្ត ផែនការស្វែងរកជនរងគ្រោះ។
លោកឧត្តមសេនីយ៍ត្រី Pham Van Ty អនុប្រធានការិយាល័យអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការឆ្លើយតបនឹងឧប្បត្តិហេតុ គ្រោះមហន្តរាយ ធម្មជាតិ និងការស្វែងរកជួយសង្គ្រោះ និងជាអគ្គមេបញ្ជាការនៃកងកម្លាំងយោធាដែល ចូលរួមក្នុងការស្វែងរក និងជួយសង្គ្រោះនៅប្រទេសមីយ៉ាន់ម៉ាបានចែករំលែកថា៖
"ព្រឹកថ្ងៃនេះ យើងគ្រោងនឹងធ្វើការជាមួយគណៈកម្មាធិការសម្របសម្រួល មីយ៉ាន់ម៉ា ដើម្បីឯកភាពលើការងារ ខ្លឹមសារ វិធីសាស្ត្រ និងមធ្យោបាយរៀបចំការ ស្វែងរក និងជួយសង្គ្រោះ។ យើងនឹងបន្តធ្វើដំណើរទៅកាន់ចំណុចកណ្តាលនៃការ រញ្ជួយដី ដែលរងការខូចខាតធ្ងន់ធ្ងរបំផុត។ បច្ចុប្បន្ន មនុស្សរាប់ពាន់នាក់នៅតែកប់នៅ ក្នុងគំនរបាក់បែក។ បន្ទាប់ពីមកដល់តំបន់នេះ យើងនឹងដាក់ពង្រាយភារកិច្ចភ្លាមមួយ រំពិច។ ទីមួយគឺរៀបចំកន្លែងស្នាក់នៅ។ ទីពីរ គឺរៀបចំកងកម្លាំងចុះត្រួតពិនិត្យទីតាំង ជាក់ស្ដែង។ ក្រុមវៀតណាមនឹងចែកជា ៣ ក្រុម ដើម្បីស្វែងរកឲ្យបានលឿនបំផុត សំដៅកាត់ បន្ថយការបាត់បង់ និងក្ដីឈឺចាប់របស់ប្រជាជនមីយ៉ាន់ម៉ា”។
ទន្ទឹមនឹងការបញ្ជូនកម្លាំងទៅចូលរួមក្នុងប្រតិបត្តិការស្វែងរកជួយសង្គ្រោះ វៀតណាមក៏បានសម្រេចចិត្តផ្តល់ជំនួយសង្គ្រោះបន្ទាន់តាមសំណើរបស់មីយ៉ាន់ម៉ា ដោយផ្តល់ជំនួយចំនួន ៣០០,០០០ ដុល្លារអាមេរិក ដើម្បីជួយមីយ៉ាន់ម៉ាជំនះលើផល វិបាកនៃការរញ្ជួយដី។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ដើម្បីជួយឧបត្ថម្ភមីយ៉ាន់ម៉ាក្នុងការជំនះ និងកាត់បន្ថយផលវិបាកនៃគ្រោះមហន្តរាយ ធម្មជាតិ បង្ហាញពីទំនួលខុសត្រូវអន្តរជាតិ និងកាយវិការមនុស្សធម៌របស់វៀតណាម ព្រមទាំងបញ្ជាក់ពីកិត្យានុភាព និងសមត្ថភាពរបស់កងកម្លាំងជួយសង្គ្រោះវៀតណាម ក្នុងការចូលរួមប្រតិបត្តិការអន្តរជាតិផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.