ព័ត៍មាន

ឡាវអះអាងថា ប្រទេសមិត្តភក្តិនិងអង្គការអន្តរជាតិនានា បានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការ ៥០ឆ្នាំ នៃការអភិវឌ្ឍ

ឡាវអះអាងថា ប្រទេសមិត្តភក្តិនិងអង្គការអន្តរជាតិនានា បានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការ ៥០ឆ្នាំ នៃការអភិវឌ្ឍ

(VOVWORLD) - ក្នុងឱកាសខួបលើកទី ៥០ នៃទិវាបុណ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ១៩៧៥ - ២ ធ្នូ ២០២៥) នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ ក្នុងទីក្រុងវៀងចន្ទ័ន បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាឡាវ បានរៀបចំពិធីជួបសំណេះសំណាលជាមួយតំណាងអង្គការអន្តរជាតិ និងស្ថាប័នការទូតនៃបណ្តាប្រទេសប្រចាំនៅឡាវ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក ង្វៀន មិញ តឹមនិងភរិយា អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវ លោក ង្វៀន មិញ តឹម (ស្តាំបំផុត) និងភរិយាអញ្ជើញជូនពរលោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ (រូបថត៖TTXVN)
អញ្ជើញថ្លែងក្នុងពិធី អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត បានមានប្រសាសន៍ថា ក្នុងរយៈពេលថ្មីៗនេះ ស្ថានភាពតំបន់ និងពិភពលោកមានបម្រែបម្រួលដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ជះឥទ្ធិពលទៅលើប្រទេសជាច្រើន រួមទាំងប្រទេសឡាវផងដែរ។ ក្នុងបរិបទនោះ រដ្ឋាភិបាលឡាវបានផ្តោតលើការដោះស្រាយបញ្ហារបស់ប្រទេសប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ចំណុចខ្លាំងដែលមានស្រាប់ កែសម្រួលគោលនយោបាយ ច្បាប់ និងរៀបចំឡើងវិញក្បាលម៉ាស៊ីនដឹក នាំពីមជ្ឈិមដល់មូលដ្ឋាន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់ និងអន្តរជាតិ។
អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត អញ្ជើញថ្លែងនៅក្នុងពិធីនេះ (រូបថត៖TTXVN)
ជាពិសេស ឡាវបានក្លាយជាដៃគូសន្ទនារបស់អង្គការសហប្រតិបត្តិការសៀងហៃ និងបានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (ដែលត្រូវបានគេស្គាល់ថា អនុសញ្ញាហាណូយ) នៅក្នុងពិធីចុះហត្ថលេខានៅទីក្រុងហាណូយកាលពីខែតុលាឆ្នាំមុន។ ក្នុងពេលជាមួយគ្នានេះ ប្រទេសឡាវក៏បានបន្តធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍របស់ខ្លួន។ ពីប្រទេសដែលគ្មានឆ្នេរសមុទ្រ ប្រទេសឡាវកំពុងក្លាយជាប្រទេសដែលមានការតភ្ជាប់គ្នានៅក្នុងតំបន់តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសបន្តិចម្តងៗ។ ថ្នាក់ដឹកនាំឡាវរូបនេះបានបញ្ជាក់ថា សមិទ្ធផលទាំងនេះមានការរួមចំណែកយ៉ាងសំខាន់ពីប្រទេសជាមិត្តភក្តិ និងអង្គការអន្តរជាតិ ហើយតាងនាមបក្ស រដ្ឋ និងប្រជាជនឡាវ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏មានតម្លៃ និងមានប្រសិទ្ធភាពពីសហគមន៍អន្តរជាតិក្នុងរយៈពេលកន្លងមក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.