ព័ត៍មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ

(VOVWORLD) - កាលពីរសៀល ថ្ងៃទី ២៤ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទទួលជួបអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត ក្នុងឱកាសអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) នៅទីក្រុងហាណូយ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។ (រូបថត៖ Lai Hoa/VOV)

នៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខាលើអនុសញ្ញាហាណូយ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយ ហើយវៀតណាមមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះ។ អនុសញ្ញានេះនឹងបង្កើតច្រករបៀង និងក្របខ័ណ្ឌច្បាប់ថ្មីមួយ ដែលជួយប្រទេសជាសមាជិកជុំវិញពិភពលោកឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិតគ្រប់ប្រភេទ រួមចំណែកដល់ការធានាសន្តិសុខ និងសុវត្ថិភាពក្នុងលំហអ៊ីនធឺណិតសកល។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមជានិច្ចកាលផ្តល់អាទិភាពខ្ពស់បំផុតដល់ទំនាក់ទំនងពិសេសជាមួយឡាវ ដោយគាំទ្រយ៉ាងពេញទំហឹងចំពោះបុព្វហេតុការពារ កសាង ផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍របស់ប្រទេសឡាវ។

ទិដ្ឋភាពនៃជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ។ (រូបថត៖ Lai Hoa/VOV)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ថងលូន ស៊ីស៊ូលីត បានអបអរសាទរចំពោះប្រទេសវៀតណាម ក្នុងការរៀបចំពិធីចុះហត្ថលេខាលើ «អនុសញ្ញាហាណូយ» ដែលផ្សាភ្ជាប់នឹងសន្ធិសញ្ញាពហុភាគីជាសកលមួយ ក្នុងវិស័យដែលសហគមន៍អន្តរជាតិយកចិត្តទុកដាក់ពិសេស រួមចំណែកដល់ការលើកកម្ពស់រូបភាពនៃទឹកដីនិងមនុស្សវៀតណាម និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់តួនាទី និងឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ និងតំបន់។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា ភាគីទាំងពីរគួរតែពង្រឹង និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍គម្រោងសំខាន់ៗរវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ព្រមទាំងរៀបចំសកម្មភាពកិច្ចការបរទេសសំខាន់ៗឲ្យបានល្អប្រសើរ និងជាក់ស្ដែង ដើម្បីអបអរសាទរខួបព្រឹត្តិការណ៍សំខាន់ៗរបស់បក្សទាំងពីរ និងប្រទេសទាំងពីរនាពេលខាងមុខ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.