ព័ត៍មាន

មហាសន្និបាតលើកទី ១៤ របស់បក្ស បានចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមករា នៅទីក្រុងហាណូយ

មហាសន្និបាតលើកទី ១៤ របស់បក្ស បានចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមករា នៅទីក្រុងហាណូយ

(VOVWORLD) - ដោយមានបាវចនាថា "សាមគ្គីភាព - ប្រជាធិបតេយ្យ - វិន័យ - ទម្លុះទម្លាយ - អភិវឌ្ឍន៍" មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ នាថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦។

មជ្ឈមណ្ឌលសន្និបាតជាតិ (ទីក្រុងហាណូយ) - ទីកន្លែងដែលមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានប្រារព្ធធ្វើឡើង (រូបថត៖ VOV)

មហាសន្និបាតមានប្រធានបទ "ក្រោមទង់ដ៏រុងរឿងរបស់បក្ស រួមកម្លាំងកាយចិត្តអនុវត្តន៍ប្រកបដោយជោគជ័យ គោលដៅអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ ២០៣០; ខ្លួនទីពឹងខ្លួន ជឿជាក់លើខ្លួនឯង ដើម្បីឈានទៅមុខយ៉ាងខ្លាំងក្លាក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ ដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ សុភមង្គល និងបោះជំហានយ៉ាងរឹងមាំឈានឡើងសង្គមនិយម"។ អញ្ជើញចូលរួមមហាសន្និបាត មានប្រតិភូចំនួន ១.៥៨៦នាក់ ដែលតំណាងឱ្យបក្ខជនជាង ៥,៦លាននាក់នៃបក្សកុម្មុយនិស្តវៀតណាម។

មហាសន្និបាតលើកទី ១៤ នឹងធ្វើការពិភាក្សា អនុម័តលើឯកសារសំខាន់ៗ រួមមាន៖ របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៣ នៅមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស; របាយការណ៍បូកសរុបបញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនលើបុព្វហេតុផ្លាស់ប្ដូរថ្មីតាមទិសដៅសង្គមនិយមនៅវៀតណាម ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក; របាយការណ៍បូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តន៍លក្ខន្តិកៈបក្ស (២០១១-២០២៥) និងសំណើ ទិសដៅសម្រាប់ការបំពេញបន្ថែម និងធ្វើវិសោធនកម្មលក្ខន្តិកៈបក្ស; របាយការណ៍ពិនិត្យឡើងវិញនូវការដឹកនាំ និងការណែនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣។ 

យោងតាមរបៀបវារៈនៃមហាសន្និបាត នាព្រឹកថ្ងៃទី ១៩ ខែមករា បន្ទាប់ពីដាក់កម្រងផ្កា ចូលវិមានតម្កល់សព គោរពវិញ្ញាណក្ខន្ទលោកប្រធាន ហូជីមិញ និងអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ទវីរយុទ្ធជនពលី (ទីក្រុងហាណូយ) បណ្ដាប្រតិភូបានទៅកាន់មជ្ឈមណ្ឌលសន្និបាតជាតិ (ទីក្រុងហាណូយ) ដើម្បីចូលរួមសម័យប្រជុំត្រៀម។

នៅព្រឹកថ្ងៃទី ២០ ខែមករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមនឹងបើកនៅទីក្រុងហាណូយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.