ព័ត៍មាន

មជ្ឈិមបូព៌ា៖ សហគមន៍អន្តរជាតិខិតខំបញ្ឈប់ជម្លោះ​នៅ​តំបន់ហ្គាហ្សា

មជ្ឈិមបូព៌ា៖ សហគមន៍អន្តរជាតិខិតខំបញ្ឈប់ជម្លោះ​នៅ​តំបន់ហ្គាហ្សា

(VOVWORLD) - ប្រទេសកាតា ដែលបាននិងកំពុងសម្រុះសម្រួលកិច្ចចរចាសន្តិភាពរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ កាលពីថ្ងៃទី ១៣ មករា បានឲ្យដឹងថា ខ្លួនបានប្រគល់ឱ្យភាគីទាំងពីរនូវសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងឈប់បាញ់ និងការជួយសង្គ្រោះចំណាប់ខ្មាំង ដើម្បីបញ្ឈប់ជម្លោះនៅក្នុងតំបន់ហ្គាហ្សា។

កាយវិការនេះ បានកើតឡើងក្នុងអំឡុងកិច្ចពិភាក្សាដែលធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតា ដោយមានការចូលរួមពីគណៈប្រតិភូអ៊ីស្រាអែល បេសកជនមជ្ឈិមបូព៌ារបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump គឺលោក Steve Witkoff និងនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកាតា លោក Mohammed bin Abdulrahman bin Jassim Al Thani ។ មន្ត្រីអ៊ីស្រាអែលមួយរូបបានឲ្យដឹងថា ការចរចាមានលក្ខណៈវិជ្ជមាន ដោយអ៊ីស្រាអែលធ្វើសម្បទាននិងរង់ចាំការឆ្លើយតបរបស់ក្រុមហាម៉ាស។ ប្រសិនបើភាគីទាំងពីរយល់ព្រម កិច្ចព្រមព្រៀងអាចនឹងសម្រេចបានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

គំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ រូបថត៖ IRNA/VNA

ទាក់ទិននឹងជម្លោះនៅតំបន់ហ្គាហ្សា នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានប្រកាសថា ប្រទេសនេះកំពុងខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយចលនាហាម៉ាស ស្តីពីបទឈប់បាញ់និងការផ្លាស់ប្តូរចំណាប់ខ្មាំង។ អ៊ីស្រាអែលពិតជាចង់បានចំណាប់ខ្មាំងវិលត្រឡប់មកវិញ ហើយកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ។

កាលពីថ្ងៃទី ១៣ មករា ដែរ រដ្ឋមន្ត្រីការបរទេសន័រវេស លោក Espen Barth Eide បានប្រកាសថា ប្រទេសនេះ នឹងរៀបចំសន្និសីទអន្តរជាតិមួយនៅថ្ងៃទី ១៥ ខែមករា ដើម្បីពិភាក្សាអំពីដំណោះស្រាយជំរុញគំនិតផ្តួចផ្តើម "រដ្ឋពីរ" សម្រាប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.