ព័ត៍មាន

មតិសាធារណៈលើសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

មតិសាធារណៈលើសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

(VOVWORLD) - នាថ្ងៃទី ៤ ឧសភា អគ្គលេខាបក្ស លោក តូ ឡឹម បានចុះហត្ថលេខានិងចេញផ្សាយសេចក្តីសម្រេចចិត្តមជ្ឈិម លេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដោយសង្កត់ធ្ងន់ថា “សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករ ដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ”។ អ្នកជំនាញសេដ្ឋកិច្ច និងធុរកិច្ចជាច្រើនចាត់ទុកថា នេះជាឯកសារមានលក្ខណៈទម្លុះទម្លាយ ដែលអាចចាត់ទុកថាជា “សេចក្តីប្រកាសអំពីកំណែទម្រង់” ថ្មីសម្រាប់សេដ្ឋ កិច្ចឯកជន ដោយសារតែមានចំណុចសំខាន់ៗជាច្រើន ដែលមិនធ្លាប់មានពីមុនមក។

លោក Pham Nguyen Khang នាយកក្រុមហ៊ុនដែកថែប Minh Trang នៅទីក្រុង My Tho ខេត្ត Tien Giang បាននិយាយថា សេចក្តីសម្រេចចិត្តលេខ ៦៨ គឺជារបកគំហើញ បង្កើតគំនិតច្នៃប្រឌិតក្នុងការយល់ឃើញ និងសកម្មភាព។

“សេចក្តីសម្រេចចិត្តលេខ៦៨ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន គឺជាកម្លាំងចលករដ៏ធំធេងរបស់ប្រទេសជាតិ ហើយប្រជាជនមានការពេញចិត្តយ៉ាងខ្លាំង អាចធ្វើអ្វីៗ ដែលច្បាប់អនុញ្ញាត។ ខណៈដែលសេចក្តីសម្រេចចិត្តលេខ ៦៨ ចេញជាធរមាន យើងសង្ឃឹមថា នឹងមានការផ្លាស់ប្តូរ ជាពិសេសលើនីតិវិធីរដ្ឋបាលសាធារណៈ ដើម្បីធ្វើឲ្យដំណើរការទាំងនោះកាន់តែលឿន  និងឧបត្ថម្ភសេដ្ឋកិច្ចឯកជនអភិវឌ្ឍប្រកបដោយនិរន្តរភាព”។

យោងតាមអ្នកជំនាញ សេចក្តីសម្រេចចិត្តលេខ ៦៨ គឺជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពហុសមាសភាព ដែលសហគ្រាសឯកជនដើរតួយ៉ាងសំខាន់។ សាស្ត្រាចារ្យរង បណ្ឌិត Pham The Anh សកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានវិភាគថា៖ “ធនធានវិនិយោគរយៈពេលវែងត្រូវតែមកពីវិស័យឯកជន មិនមែនវិស័យសាធារណៈទេហើយយើងមិនមានធនធាន ហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីបន្តអនុវត្តគម្រោងសំខាន់ៗធំៗនោះដែរ។ ដំបូងឡើយ យើងអនុវត្តគម្រោងវិនិយោគសាធារណៈធំៗ ប៉ុន្តែគោលដៅចុងក្រោយគឺទាក់ទាញការវិនិយោគឯកជន និងធនធានសេដ្ឋកិច្ច ដែលបន្ទាប់មកនឹងបង្កើតចំណូលថវិកា បង្កើតហេដ្ឋារចនាសម្ព័ន្ធសម្រាប់សេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង”។

អ្នកជំនាញ និងធុរកិច្ចជាច្រើនអះអាងថា សេចក្តីសម្រេចចិត្តលេខ ៦៨ ពិតជានឹងបង្កើតកម្លាំងចលករសម្រាប់សហគ្រាសឯកជន ក្នុងការឈានទៅមុខ រួមជាមួយនឹងវិស័យសេដ្ឋកិច្ចផ្សេងទៀត ដើម្បីកសាងសេដ្ឋកិច្ច វៀតណាមឯករាជ្យ ស្វ័យភាព   និងពឹងផ្អែកលើខ្លួនឯង ផ្សារភ្ជាប់ជាមួយនឹងសមាហរណកម្មអន្តរជាតិដ៏ស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព នាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍វិបុលភាព៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.