ព័ត៍មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ឱកាសសម្រាប់រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ឱកាសសម្រាប់ការស្ទុះឈានទៅមុខ

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ឱកាសសម្រាប់រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ឱកាសសម្រាប់ការស្ទុះឈានទៅមុខ

(VOVWORLD) - នាថ្ងៃទី ៧ មេសា នៅទីស្នាក់ការរដ្ឋាភិបាលទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត ណាម លោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីនៃសន្និសីទនាយករដ្ឋមន្ត្រីជាមួយក្រសួង ស្ថាប័ន ទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស សមាគម និងសហគ្រាស។ សន្និសីទនេះធ្វើឡើងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ តភ្ជាប់បណ្តាញពីទីស្នាក់ការរដ្ឋាភិបាល ទៅកាន់ស្ថាប័ន ទីភ្នាក់ងារតំណាងរបស់វៀតណាមនៅបរទេស។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជាអធិបតីសន្និសីទនាយករដ្ឋមន្ត្រីជាមួយក្រសួង  ស្ថាប័នតំណាងវៀតណាមនៅបរទេស សមាគម និងសហគ្រាស ដើម្បីសម្របខ្លួនយ៉ាងសកម្មទៅនឹងស្ថានភាពថ្មីនៃពាណិជ្ជកម្មអន្តរជាតិ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក ហ្វាមមិញ ជិញ បានបញ្ជាក់ថា សម្រាប់វៀតណាម ការដែលសហរដ្ឋអាមេរិកដាក់ពន្ធរហូតដល់ ៤៦% លើទំនិញនាំចូលពីវៀតណាមគឺជះផលប៉ះពាល់យ៉ាងច្បាស់លាស់លើការនាំចេញ និងប៉ះពាល់ផ្ទាល់ដល់កម្មករ និងអាជីវកម្មមួយចំនួនធំ។ ទោះយ៉ាងណាក៏ដោយ វៀតណាមមាន ប្ញទ្ធានុភាពគ្រប់គ្រាន់ក្នុងការសម្របខ្លួនដោយភាពបត់បែន និងមានប្រសិទ្ធភាពចំពោះព្រឹត្តិការណ៍ណាមួយដែលកើតឡើងក្នុងពិភពលោក តំបន់ និងក្នុងប្រទេសជាតិ៖

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិនៅសន្និសីទ (រូបថត៖ VOV)

“សេដ្ឋកិច្ចរបស់យើងនៅតែជាសេដ្ឋកិច្ចផ្លាស់ប្តូរ។ វៀតណាមនៅតែជាប្រទេសកំពុងអភិវឌ្ឍន៍ ទំហំសេដ្ឋកិច្ចនៅតែសមល្មម  ហើយភាពធន់ក៏នៅមានកម្រិត ជាពិសេសគឺការប៉ះទង្គិចពីខាងក្រៅ។ ដូច្នេះ ភាពប្រែប្រួលទាំងអស់នោះក៏ជាឱកាសដែរ។ ទោះបីជាមានបញ្ហាប្រឈម និងការលំបាកក៏ដោយ... ប៉ុន្តែនេះក៏ជាឱកាសមួយ ដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដែលជាឱកាសសម្រាប់យើងបោះជំហានទៅមុខ”។

លោកនាយករដ្ឋមន្ត្រីបានស្នើក្រសួងការបរទេស និងទីភ្នាក់ងារតំណាងវៀត ណាមនៅក្រៅប្រទេស បង្កើនការស្រាវជ្រាវ ជាពិសេសលើនិន្នាការដែលកំពុងលេចឡើង រួមទាំងបទពិសោធន៍ក្នុងប្រទេសាមីលើបញ្ហាពាក់ព័ន្ធ សំដៅរាយការណ៍ពីស្ថានភាព លទ្ធផលទាន់ពេលវេលា និងផ្តល់អនុសាសន៍ជូននាយករដ្ឋមន្ត្រី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.