ព័ត៍មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រី សម្តេចហ៊ុន ម៉ាណែត ចូលរួមវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ វៀតណាម-កម្ពុជា

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រី សម្តេចហ៊ុន ម៉ាណែត ចូលរួមវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ វៀតណាម-កម្ពុជា

(VOVWORLD) - ព្រឹកថ្ងៃទី ១២ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា។

ថ្លែងក្នុងវេទិកានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត និងអំពាវនាវឱ្យមានអ្នកវិនិយោគវៀតណាមកាន់តែច្រើនមកកម្ពុជា ជាពិសេស លើវិស័យកសិកម្មទំនើប ឧស្សាហកម្មកែច្នៃម្ហូបអាហារ បច្ចេកវិទ្យាឌីជីថល ហិរញ្ញវត្ថុ ការផលិតរថយន្ត...។

វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា។ រូបថត៖ VOV

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើ ការប្តេជ្ញាចិត្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ជាមួយនឹងវិធានការសំខាន់ៗ ដើម្បីធានាឲ្យវិនិយោគិននឹងនរចិត្តធ្វើការវិនិយោគនៅកម្ពុជា។ យ៉ាងណាមិញ រដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រសេដ្ឋកិច្ចឯកជន ហើយតែងតែស្វែងរកមធ្យោបាយដោះស្រាយការលំបាករបស់អ្នកវិនិយោគ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកវិនិយោគនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងវិនិយោគ; លើកទឹកចិត្តអ្នកវិនិយោគកម្ពុជាមកបណ្តាក់ទុននៅវៀតណាមដើម្បីធ្វើពិពិធកម្មសកម្មភាពផលិតកម្ម អាជីវកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រកាសជើងហោះហើរត្រង់តភ្ជាប់ទីក្រុងហាណូយ ជាមួយខេត្តសៀមរាប របស់ក្រុមហ៊ុន Vietjet។ រូបថត៖ VOV 

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជានឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អ្នកវិនិយោគ; ជាពិសេសវិនិយោគិនផ្តោតលើការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចវិលជុំ ការវិនិយោគដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងវេទិកានេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត បានធ្វើជាសាក្សីក្នុងពិធីប្រគល់វិញ្ញាបនបត្រវិនិយោគ កំណត់ហេតុកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរ៕

 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.