ព័ត៍មាន

នាយករដ្ឋមន្ត្រីនូវែលសេឡង់នឹងអញ្ជើញ​មក​បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាសប្តាហ៍ខាងមុខ​

នាយករដ្ឋមន្ត្រីនូវែលសេឡង់នឹងអញ្ជើញ​មក​បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាសប្តាហ៍ខាងមុខ​

(VOVWORLD) - នារសៀលថ្ងៃទី ២០ ខែកុម្ភៈ ប្រទេសនូវែលសេឡង់បានប្រកាសថា នាយករដ្ឋមន្ត្រី លោក Christopher Luxon នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាសប្តាហ៍ខាងមុខ។ នូវែលសេឡង់បានអះអាងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសនេះទៅកាន់វៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម រួមទាំងពាណិជ្ជកម្មផងដែរ។

នៅក្នុងសេចក្តីប្រកាសនេះ ខុទ្ទកាល័យរដ្ឋាភិបាលនូវែលសេឡង់បានដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្ត្រី Christopher Luxon ដែលបញ្ជាក់ថា វៀតណាមគឺជាតារាកំពុងរះនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយនៅក្នុងតំបន់។ ឆ្នាំនេះ ប្រទេសទាំងពីររំលឹកខួប ៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត ហើយដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Luxon មកកាន់វៀតណាមនឹងជំរុញទំនាក់ទំនងនេះ ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងបើកឱកាសបន្ថែមទៀតសម្រាប់សហគ្រាសនូវែលសេឡង់ បង្កើនប្រាក់ចំណូល និងបង្កើតការងារធ្វើបន្ថែមទៀតសម្រាប់ប្រជាជននូវែលសេឡង់។ លោកនាយករដ្ឋមន្ត្រី Christopher Luxon បាននិយាយថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនក្នុងការនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៦។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon ស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ មកបំពេញទស្សនកិច្ចនៅនូវែលសេឡង់ក្នុងខែមីនា ឆ្នាំ២០២៤។ រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon ត្រូវបានរំពឹងថានឹងជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងថ្នាក់ដឹកនាំវៀតណាម ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រ ចូលរួមវេទិកាអនាគតអាស៊ាននៅទីក្រុងហាណូយ និងបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.