ព័ត៍មាន

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធចំនួន ៣ សម្រាប់សាលារៀនជំនាញ

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធចំនួន ៣ សម្រាប់សាលារៀនជំនាញ

(VOVWORLD) - នៅរសៀលថ្ងៃទី ១១ ខែមករា នៅខេត្តថៃង្វៀន - ជាខេត្តព្រៃភ្នំស្ថិតនៅភាគខាងជើងវៀតណាម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធចំនួន ៣ សម្រាប់សាលារៀនជំនាញគឺ៖ វិទ្យាល័យតំបន់ព្រៃភ្នំវៀតបាក សាលាត្រៀមសាកលវិទ្យាល័យទីក្រុងហូជីមិញ និងសាលាត្រៀម សាកលវិទ្យាល័យជនជាតិភាគតិច សាំសឺន។

ទិដ្ឋភាពនៃពិធី (រូបថត៖ VOV)

គម្រោងទាំងនេះ សំដៅអបអរសាទរមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤។ កម្មវិធីនេះត្រូវបានធ្វើឡើងផ្ទាល់នៅវិទ្យាល័យតំបន់ព្រៃភ្នំវៀតបាក ក្នុងខេត្តថៃង្វៀន ដោយភ្ជាប់តាមអ៊ីនធឺណិតជាមួយទីតាំងពីរផ្សេងទៀត៖ សាលាត្រៀមសាកលវិទ្យាល័យទីក្រុងហូជីមិញ និងសាលាត្រៀមសាកលវិទ្យាល័យជនជាតិភាគតិចសាំសឺន ក្នុងខេត្តថាញ់ហ័រ។

គម្រោងទាំងបីដែលបានចាប់ផ្តើមនៅថ្ងៃនេះ គឺជាគម្រោងវិនិយោគទ្រង់ទ្រាយធំ ក្នុងនោះ វិទ្យាល័យតំបន់ព្រៃភ្នំវៀតបាក មានដើមទុន វិនិយោគធំបំផុត៖ ២៩៦ ពាន់លានដុង (ជាង ១១ លានដុល្លារអាមេរិក)។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិនៅក្នុងពិធី (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់ដែលបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍមនុស្ស មនោសញ្ជេតនាដែលបក្ស រដ្ឋ និងប្រជាជនជូនចំពោះជន ជាតិ ភាគតិច និងតំបន់ព្រៃភ្នំ។

"ការវិនិយោគសម្រាប់សាលារៀននៅតំបន់ព្រៃភ្នំ និងតំបន់ជនជាតិភាគតិច គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ; ការវិនិយោគនៃសាមគ្គីភាពជាតិនិងភាតរភាព។ ការអប់រំកុមារសម្រាប់គ្រួសារជនជាតិភាគតិចនៅទីនេះ មិនគ្រាន់តែជាការបង្រៀនអក្ខរកម្មប៉ុណ្ណោះទេ ថែមទាំងជា “កូនសោរ” សម្រាប់បើកចេញឱកាសអភិវឌ្ឍន៍ ការពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល រក្សាស្ថិរភាពនយោបាយ  សង្គម ការពារជាតិ និងសន្តិសុខ។ សិស្សគ្រប់រូបដែលចូលរៀន ត្រូវបានចិញ្ចឹមបីបាច់ ផ្តល់ឱកាស និងទទួលបានការអប់រំដែលមានសុវត្ថិភាព គឺជាពលរដ្ឋល្អម្នាក់សម្រាប់ប្រទេសជាតិ"។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ។

ដើម្បីធានាថា គម្រោងទាំងអស់ត្រូវបានបង្ហើយយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព លោកនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំមូលដ្ឋាន ដោះស្រាយរាល់បញ្ហាជំពាក់ជំពិនឱ្យបានឆាប់រហ័ស និងឧបត្ថម្ភដល់អ្នកម៉ៅការ អង្គភាពសំណង់ និងអ្នកប្រឹក្សាយោបល់ត្រួតពិនិត្យក្នុងការអនុវត្តគម្រោងនានាដោយការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងខ្ពស់បំផុត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.