ព័ត៍មាន

ណាតូទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងទូលំទូលាយពីរឿងធ្លាក់យន្តហោះ​នៅកាហ្សាក់ស្ថាន

ណាតូទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងទូលំទូលាយពីរឿងធ្លាក់យន្តហោះ​នៅកាហ្សាក់ស្ថាន

(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែធ្នូ អង្គការណាតូ បានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងទូលំទូលាយអំពីមូលហេតុនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines ដែលបណ្តាល់ឲ្យមនុស្ស ៣៨ នាក់បានស្លាប់ កាលពីថ្ងៃទី ២៥ ធ្នូ ។

កាលពីថ្ងៃទី ២៦ ខែធ្នូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសង្កត់ធ្ងន់ថា ការស៊ើបអង្កេតលើមូលហេតុនៃការធ្លាក់យន្តហោះរបស់ Azerbaijan Airlines កំពុងដំណើរការ ហើយវាជាកំហុសឆ្គងនៅពេលធ្វើការសន្មតណាមួយនៅពេលនេះ។ មុននោះ នាថ្ងៃដដែល ប្រធានព្រឹទ្ធសភាកាហ្សាក់ស្ថានបានឲ្យដឹងថា មូលហេតុនៃឧបទ្ទវហេតុនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

កន្លែងធ្លាក់យន្តហោះរបស់ Azerbaijan Airlines នៅទីក្រុង Aktau ប្រទេសកាហ្សាក់ស្ថាន។ រូបថត៖ AA/TTXVN

សហគមន៍អន្តរជាតិបន្តចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជន អាស៊ែបៃហ្សង់ទាក់ទងនឹងឧបទ្ទវហេតុនេះ។ ក្នុងនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការសោកស្ដាយចំពោះឧបទ្ទវហេតុនេះ ហើយបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។

យន្តហោះដឹកអ្នកដំណើរ Embraer ១៩០ របស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines ធ្វើដំណើរពីទីក្រុង Baku ទៅកាន់ទីក្រុង Grozny (រុស្ស៊ី) បានធ្លាក់ចុះនៅព្រឹកថ្ងៃទី ២៥ ខែធ្នូ នៅជិតទីក្រុង Aktau ភាគខាងលិចប្រទេសកាហ្សាក់ស្ថាន។ Azerbaijan Airlines បានឲ្យដឹងថា មានអ្នកដំណើរ ៦២ នាក់ និងក្រុមនាវិក ៥ នាក់នៅលើយន្តហោះ។ អាជ្ញាធរអាស៊ែបៃហ្សង់ បានបញ្ជាក់ថា មនុស្ស៣៨នាក់បានស្លាប់ ក្នុងនោះមានពលរដ្ឋអាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងរុស្ស៊ី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.