ព័ត៍មានប៉ាឡេស្ទីនសន្យាសហប្រតិបត្តិការអនុវត្តន៍ផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សា
ប៉ាឡេស្ទីនសន្យាសហប្រតិបត្តិការអនុវត្តន៍ផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សា
ថ្ងៃសុក្រ, 19:25, 26/09/2025
VOV5
(VOVWORLD) - ថ្លែងសុន្ទរកថាតាមរយៈវីដេអូក្នុងសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៥ ខែកញ្ញា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានសន្យាថា នឹងសហប្រតិបត្តិការជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump រួមជាមួយអារ៉ាប៊ីសាអូឌីត បារាំង អង្គការសហប្រជាជាតិ ក៏ដូចជាដៃគូទាំងអស់ ដើម្បីអនុវត្តន៍ផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សា ដែលទទួលបានការគាំទ្រពីអង្គ ការអន្តរជាតិពហុភាគីនេះ។
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ថ្លែងក្នុងសម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤។ (រូបថត៖ THX/TTXVN) |
លោក Abbas ក៏បានច្រានចោលតួនាទីគ្រប់គ្រងទាំងអស់នាពេលអនាគតរបស់ ក្រុមហាម៉ាស ហើយបាននិយាយថា ចលនានេះនិងបក្ខពួកផ្សេងទៀត នឹង “ត្រូវតែ ប្រគល់អាវុធទៅឲ្យអាជ្ញាធរជាតិប៉ាឡេស្ទីន”។ លោកក៏បានច្រានចោលនូវអ្វីៗដែល ក្រុមហាម៉ាសបានអនុវត្តន៍នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ប្រឆាំងនឹងជនស៊ីវិល អ៊ីស្រាអែល។ លោកក៏បានសង្កត់ធ្ងន់ថា ហ្កាហ្សាគឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ ចេញពីរដ្ឋប៉ាឡេស្ទីន ដែលបានត្រៀមខ្លួនជាស្រេចដើម្បីទទួលបន្ទុកពេញលេញ នូវការគ្រប់គ្រង និងធានាសន្តិសុខនៅតំបន់នោះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាសបានច្រានចោលការប្រកាសរបស់លោក Abbas។
នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធ នៅពេលថ្លែងនៅខាងក្រៅសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បាននិយាយថា អេហ្ស៊ីបនឹងសហការជាមួយហ្ស៊កដានី ដើម្បីបណ្តុះ បណ្តាលជនប៉ាឡេស្ទីនឱ្យក្លាយជាផ្នែកមួយនៃកងកម្លាំងសន្តិសុខដែលត្រូវបានដាក់ពង្រាយនៅតំបន់ហ្គាហ្សា ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ អាជ្ញាធរប៉ាឡេស្ទីន។ លើសពីនេះ ប្រទេសអារ៉ាប់នានា ស្វាគមន៍ចំពោះគំនិតនៃ ការដាក់ពង្រាយកម្លាំងអន្តរជាតិ ក្នុងគោលដៅតែមួយគត់គឺគាំទ្រអាជ្ញាធរប៉ាឡេស្ទីន ក្នុងការបង្កើតរដ្ឋឯករាជ្យរបស់ខ្លួន៕