ព័ត៍មាន

បង្ហាញ​មុខសៀវភៅ “វិទ្យុ​សំឡេងវៀតណាម ៨០ ឆ្នាំ រួម​ដំណើរជាមួយ​ប្រទេសជាតិ​”

បង្ហាញ​មុខសៀវភៅ “វិទ្យុ​សំឡេងវៀតណាម ៨០ ឆ្នាំ រួម​ដំណើរជាមួយ​ប្រទេសជាតិ​”

(VOVWORLD) - ពិធីបង្ហាញមុខសៀវភៅ “វិទ្យុសំឡេងវៀតណាម ៨០ ឆ្នាំ រួមដំណើរជាមួយប្រទេសជាតិ” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែកញ្ញា នៅមជ្ឈមណ្ឌលផ្សាយសំឡេងជាតិលេខ៥៨ Quan Su ទីក្រុងហាណូយ។ លោក Do Tien Sy សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនាយក VOV; លោក Phan Xuan Thuy អនុប្រធាននាយកដ្ឋានឃោសនា និងចលនាមហាជនមជ្ឈឹម រួមជាមួយតំណាងទីភ្នាក់ងារសារព័ត៌មាន និងអតីតថ្នាក់ដឹកនាំ VOV បានចូលរួមពិធីនេះ។

ពិធីចុចប៊ូតុង បង្ហាញមុខសៀវភៅ “វិទ្យុសំឡេងវៀតណាម ៨០ ឆ្នាំ រួមដំណើរជាមួយប្រទេសជាតិ”។ រូបថត៖ VOV

សៀវភៅ “វិទ្យុសំឡេងវៀតណាម ៨០ ឆ្នាំ រួមដំណើរជាមួយប្រទេសជាតិ”  ត្រូវបាន VOV សម្របសម្រួលជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ Su That ចុះផ្សាយក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបង្កើត VOV (ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៤៥ ដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥)។ ថ្លែងមតិក្នុងពិធីនេះ លោក Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានសង្កត់ធ្ងន់ថា៖

លោក Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម។ រូបថត៖ VOV

“ក្នុងបរិយាកាសអបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី ២ កញ្ញា ក៏ជាថ្ងៃដែលវិទ្យុសម្លេងវៀតណាមរំលឹកខួបលើកទី ៨០ ទិវាបង្កើតរបស់ខ្លួន ការបោះពុម្ភសៀវភៅនេះ មានសារៈសំខាន់ណាស់ ដោយបង្ហាញពីការគោរពនិងការដឹងគុណចំពោះការរួមវិភាគទានរបស់ជំនាន់មុនៗ ដែលបានកសាងនិងពូនជ្រុំគុណតម្លៃដ៏សក្ដិសិទ្ធិនៃ “សម្លេងវៀតណាម” ក្នុងដំណើរលំបាកបំផុតរបស់ប្រទេសជាតិ; បង្ហាញពីការប្តេជ្ញាចិត្ត និងក្តីស្រមៃរបស់ “សម្លេងវៀតណាម” នាបច្ចុប្បន្ន ដែលកំពុងហើយជានិច្ចកាលរួមដំណើរជាមួយប្រទេសជាតិ និងប្រជាជន ក្នុងយុគសម័យថ្មី”។

ដោយមានកម្រាស់ជិត ៥០០ ទំព័រ សៀវភៅ “វិទ្យុសំឡេងវៀតណាម ៨០ ឆ្នាំ រួមដំណើរជាមួយប្រទេសជាតិ” ផ្តោតលើ៖ ការបង្ហាញឡើងវិញនូវប្រពៃណី និងភាពអង់អាចក្លាហានដើម្បីជំនះរាល់ការលំបាកក្នុងរយៈពេល ៨០ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ អះអាងពីឋានៈរបស់វិទ្យុសម្លេងវៀតណាមក្នុងបេះដូងរបស់ប្រទេសជាតិនិងប្រជាជន; ឆ្លុះបញ្ជាំងពីការផ្សាភ្ជាប់និងការលះបង់របស់កម្មាភិបាល អ្នកសារព័ត៌មាន និងអ្នកបច្ចេកទេសជាច្រើនជំនាន់ ជាមួយនឹងបេសកកម្មដ៏ថ្លៃថ្នូគឺ៖ ភ្ជាប់ឆន្ទៈរបស់បក្សជាមួយនឹងបេះដូងប្រជាជន; តម្រង់ទិសយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល នៅចំពោះមុខដំណាក់កាលថ្មីរបស់ប្រទេសជាតិ។

សៀវភៅ “វិទ្យុសំឡេងវៀតណាម ៨០ ឆ្នាំ រួមដំណើរជាមួយប្រទេសជាតិ”។ រូបថត៖ VOV

ចំណុចថ្មីគួរឲ្យកត់សម្គាល់នោះគឺថា សៀវភៅនេះមានកម្មវិធី QR code ដែលជួយអ្នកអានទទួលបានព័ត៌មានបន្ថែមទៀតអំពីដំណាក់កាលអភិវឌ្ឍន៍ អង្គភាពពាក់ព័ន្ធ ក្រុមអ្នកដឹកនាំ និងពានរង្វាន់ដ៏ថ្លៃថ្លារបស់វិទ្យុសម្លេងវៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.