ព័ត៍មាន

បន្តនិងពង្រីក​តម្លៃនៃ​កម្លាំងនយោបាយ និងស្មារតីនៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥

បន្តនិងពង្រីក​តម្លៃនៃ​កម្លាំងនយោបាយ និងស្មារតីនៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥

(VOVWORLD) - ជ័យជំនះនៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ គឺជាកំពូលនៃបដិវត្តន៍រំដោះជាតិ តាមមាគ៌ានៃបដិវត្តន៍អធន។ នេះគឺជាជ័យជំនះនៃបញ្ញា ប្ញទ្ធានុភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកប្រធានហូជីមិញ។

 នេះជាការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ Nguyen Van Duc ប្រធានស្នងការឃោសនាហ្វឹកហ្វីន អគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម ក្នុងសិក្ខាសាលា “កម្លាំងនយោបាយ និងស្មារតីនៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ - អត្ថន័យចំពោះបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាមក្នុងយុគសម័យថ្មី” នាព្រឹកថ្ងៃទី ៧ សីហា នៅទីក្រុងហាណូយ។ សិក្ខាសាលានេះត្រូវបានសាលាមន្ត្រីនយោបាយ ស្នងការឃោសនាហ្វឹកហ្វីន និងកាសែតកងទ័ពប្រជាជនសម្របសម្រួលរៀបចំឡើង។
ទិដ្ឋភាពនៃសិក្ខាសាលា  “កម្លាំងនយោបាយ និងស្មារតីនៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ - អត្ថន័យចំពោះបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាមក្នុងយុគសម័យថ្មី” ។  រូបថត៖ VOV

នៅក្នុងសិក្ខាសាលា គណៈប្រតិភូបានផ្តោតទៅលើការពន្យល់អំពីកត្តាដែលបង្កើតជាកម្លាំងនយោបាយ និងស្មារតីនៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥; វិភាគ និងបញ្ជាក់ពីសមិទ្ធិផលនិងមេរៀននៃបដិវត្តន៍; ជាពិសេស សង្កត់ធ្ងន់លើការអនុវត្តមេរៀនទាំងនេះក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិក្នុងយុគសម័យថ្មី ។ ឧត្តមសេនីយត្រី សាស្ត្រាចារ្យរង លោកបណ្ឌិត Nguyen Van Sau អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រនិងប្រវត្តិសាស្ត្រការពារជាតិវៀតណាម បានសង្កត់ធ្ងន់ថា៖ “បដិវត្តន៍ខែសីហា គឺជាបដិវត្តន៍ដ៏អស្ចារ្យ ជាគំរូនៃកម្លាំងនយោបាយ ស្មារតី។ ក្នុងរយៈពេល ៨ ទសវត្សរ៍កន្លងទៅ កម្លាំងនយោបាយ និងស្មារតីនៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ ត្រូវបានបន្តនិងពង្រីកទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង; ជាពិសេស ក្នុងការកសាងកងទ័ព ក៏ដូចជាបុព្វហេតុការពារមាតុភូមិសង្គមនិយមវៀតណាមពីអតីតកាល បច្ចុប្បន្នកាល និងអនាគត ។ មេរៀនប្រវត្តិសាស្ត្រអំពីកម្លាំងនយោបាយ និងស្មារតីនៃបដិវត្តន៍ខែសីហា បានជួយយើងជានិច្ចកាលពង្រឹង ពង្រីក និងរក្សាទំនុកចិត្ត បន្តកសាងកងទ័ពប្រជាជនវៀតណាមដែលមានលក្ខណៈបដិវត្តន៍ របៀបរៀបរយ និងស្ទាត់ជំនាញក្នុងយុគសម័យថ្មី”។

បទបង្ហាញនៅក្នុងសិក្ខាសាលាក៏បានវាយតម្លៃថា ជោគជ័យនៃបដិវត្តន៍ខែសីហាបន្តរីកសាយភាយ បំផុសឆន្ទៈ និងសេចក្តីប្រាថ្នាឈានឡើងរបស់ប្រទេសជាតិទាំងមូល ជាពិសេសយុវជនជំនាន់ក្រោយ រួមចំណែកបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាង និងការពារមាតុភូមិ ឆ្ពោះទៅរកគោលដៅនៃការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ រឹងមាំ ស្ទុះផ្លោះ ប្រកៀកស្មាជាមួយមហាអំណាចពិភពលោកក្នុងយុគសម័យថ្មី៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.