ព័ត៍មាន

បើកចេញជំពូកថ្មីមួយក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប

បើកចេញជំពូកថ្មីមួយក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប

(VOVWORLD) - នាយប់ថ្ងៃទី ២៩ ខែមករា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ (នៃទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាម លោក លឿង គឿងបានអញ្ជើញជាអធិបតីពីធីជប់លៀងយ៉ាងអធិកអធមទទួលស្វាគមន៍ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក អាន់តូនីញ៉ូ កូស្តា និងគណៈប្រតិភូជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម។

លោកប្រធានរដ្ឋ លឿង គឿង និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក លោក អាន់តូនីញ៉ូ កូស្តា នៅឯពិធី (រូបថត៖ Viet Cuong/VOV)

អញ្ជើញថ្លែងនៅទីនោះ លោកប្រធានរដ្ឋលឿង គឿង បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបើកចេញជំពូកថ្មីមួយក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប។ ការដែលភាគីទាំងពីរសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុតនៃកិច្ចសហប្រតិបត្តិការ ឆ្លុះបញ្ចាំងពីសារៈសំខាន់ និងការប្តេជ្ញាចិត្តខាងនយោបាយរបស់ភាគីទាំងពីរ ដើម្បីធ្វើឱ្យទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបក្លាយជាគំរូពិតប្រាកដនៃកិច្ចសហប្រតិបត្តិការ។

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញមានប្រសាសន៍ថា៖ “វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាដៃគូដែលអាចទុកចិត្តបាន របស់សហភាពអឺរ៉ុបនៅអាស៊ីអាគ្នេយ៍ និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ខ្ញុំជឿជាក់ថា ជាមួយនឹងមូលដ្ឋានគ្រឹះរឹងមាំ ជាមួយនឹងកម្រិតថ្មីនៃទំនាក់ទំនង ជាមួយនឹងការប្តេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំ និងការរួមដំណើររបស់ប្រជាជននៃភាគីទាំងពីរ ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍរបស់ភាគីនីមួយៗ ក៏ដូចជាចំពោះសន្តិភាព វិបុលភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក"។

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ Viet Cuong/VOV)

អញ្ជើញជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា បានវាយតម្លៃថា ការលើកកម្ពស់ទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិង វៀតណាមទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាការសម្រេចចិត្តមានអត្ថន៍យជាប្រវត្តិសាស្ត្រ ហើយក្នុងពេលជាមួយគ្នានេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យ រយៈពេលវែងឆ្ពោះទៅរកអនាគតរបស់ភាគីទាំងពីរ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានអបអរសាទរចំពោះរយៈពេល ៣៥ឆ្នាំនៃទំនាក់ទំនងមិត្តភាព វៀតណាម - EU ដោយសម្តែងទំនុកចិត្តថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ដើម្បីសន្តិភាព វិបុលភាព និងផលប្រយោជន៍រួមរបស់ភាគីទាំងពីរ និងសហគមន៍អន្តរជាតិ។

ទិដ្ឋភាពនៃពិធីជប់លៀង (រូបថត៖ Viet Cuong/VOV)

នាយប់ថ្ងៃទី ២៩ ខែមករា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា បានចាកចេញពីទីក្រុងហាណូយ ដោយបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃ ២៩ ខែមករា តាមការអញ្ជើញរបស់ប្រធានរដ្ឋ លោក លឿង គឿង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.