ព័ត៍មាន

ប្រទេសចំនួន ២១ ថ្កោលទោសផែនការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank

ប្រទេសចំនួន ២១ ថ្កោលទោសផែនការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank

(VOVWORLD) - នាថ្ងៃទី ២១ ខែសីហា ប្រទេសចំនួន ២១ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយដោយថ្កោលទោសការអនុម័តរបស់អ៊ីស្រាអែលលើគម្រោងការតាំងទីលំនៅប្រហែល ១២ គីឡូម៉ែត្រការ៉េ នៅទីក្រុងហ្សេរុយសាឡឹមខាងកើត ចំណុះតំបន់ West Bank ថាជាការរំលោភលើច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍រួមរបស់ប្រទេសចំនួន ២១ (រួមទាំងចក្រភពអង់គ្លេស បារាំង អូស្ត្រាលី កាណាដា អ៊ីតាលី បែលហ្ស៊ិក ដាណឺម៉ាក ជប៉ុន ហូឡង់ ន័រវេស ព័រទុយហ្គាល់ អេស្បាញ...) បានសង្កត់ធ្ងន់ថា ផែនការនេះមិនផ្តល់ផលប្រយោជន៍ដល់ប្រជាជនអ៊ីស្រាអែលទេ ថែមទាំងបង្កហានិភ័យដល់សន្តិសុខ បង្កឲ្យមានអំពើហិង្សានិងអស្ថិរភាព នាំឲ្យសន្តិភាពកាន់តែឃ្លាតឆ្ងាយថែមទៀត។ សេចក្តីថ្លែងការណ៍រួមបានអំពាវនាវឱ្យលុបចោលជាបន្ទាន់នូវការសម្រេចចិត្តនេះ។ កន្លងមក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អាជ្ញាធរប៉ាឡេស្ទីន និងប្រទេសក្នុងតំបន់ជាច្រើន ក៏បានថ្កោលទោសផែនការរបស់អ៊ីស្រាអែលផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានហៅការសម្រេចចិត្តអនុម័តការតាំងទីលំនៅថ្មីនេះថា "ជាជំហានដ៏សំខាន់ក្នុងការលុបបំបាត់ការបំភាន់នៃរដ្ឋពីរ និងការពង្រឹងសិទ្ធិគ្រប់គ្រងរបស់ជនជាតិជ្វីហ្វលើបេះដូងរបស់អ៊ីស្រាអែល"៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.