ព័ត៍មាន

ប្រទេសជាច្រើនបាន​ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ​

ប្រទេសជាច្រើនបាន​ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ​

(VOVWORLD) - កាលពីថ្ងៃទី ២១ ខែកញ្ញា មួយថ្ងៃមុននឹងសន្និសីទអន្តរជាតិស្តីពីដំណោះស្រាយរដ្ឋពីរ សម្រាប់ប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក (អាមេរិក) ប្រទេសជាបន្តបន្ទាប់រួមមានចក្រភពអង់គ្លេស កាណាដា និងអូស្ត្រាលីបានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ដោយគូសសញ្ញាការបោះជំហានដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសន្តិភាពនៅមជ្ឈិមបូព៌ា។

ជនភៀសខ្លួនប៉ាឡេស្ទីន ធ្វើដំណើរទៅភាគខាងត្បូងតំបន់ហ្គាហ្សា ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Dawoud Abu Alkas

នៅលើបណ្តាញសង្គម X នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានលើកច្បាស់ថា ដើម្បីបំផុសក្តីសង្ឃឹមសន្តិភាពសម្រាប់ប៉ាឡេស្ទីន និងអ៊ីស្រាអែល ក៏ដូចជាដំណោះស្រាយរដ្ឋពីរ ចក្រភពអង់គ្លេសបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ សេចក្តីប្រកាសនេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រក្នុងគោលនយោបាយការបរទេសរបស់អង់គ្លេស អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងទៅ។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ និងបានលើកសំណើរលើកិច្ចសហប្រតិបត្តិការក្នុងការកសាងការសន្យាឆ្ពោះទៅអនាគតប្រកបដោយសន្តិភាពសម្រាប់ទាំងរដ្ឋប៉ាឡេស្ទីន និងរដ្ឋអ៊ីស្រាអែល។ សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា ការទទួលស្គាល់របស់កាណាដាគឺសមស្របទាំងស្រុងជាមួយនឹងគោលការណ៍ស្វ័យសម្រេច និងសិទ្ធិមនុស្សជាមូលដ្ឋានដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នាថ្ងៃទី ២១ ខែកញ្ញាបានប្រកាសថា អូស្ត្រាលីទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ ប្លុកវិបុលភាពរួមអូស្ត្រាលី ក៏បានទទួលស្គាល់ជាផ្លូវការថា រដ្ឋប៉ាឡេស្ទីនមាន "ឯករាជ្យ និងអធិបតេយ្យភាព"។

ដូច្នេះហើយ មកទល់ពេលនេះ មានប្រទេសជាង ១៤០ បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ៕ 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.