ព័ត៍មាន

ប្រទេសសហភាពអឺរ៉ុបជាច្រើនបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនជាមួយអ៊ុយក្រែន

ប្រទេសសហភាពអឺរ៉ុបជាច្រើនបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនជាមួយអ៊ុយក្រែន

(VOVWORLD) - បណ្តាប្រទេសនៅអឺរ៉ុប នៅថ្ងៃទី ២៥ ខែសីហា បានលើកឡើងក្នុងពេលដំណាលគ្នានូវកាយវិការថ្មី ទាក់ទងនឹងជំនួយ និងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក្នុងបរិបទនៃសង្រ្គាមដែលបង្ហាញថា មិនមានសញ្ញានៃការចុះត្រជាក់ឡើយ។

នាយករដ្ឋមន្រ្តីន័រវេស Jonas Gahr Store បានប្រកាសថា រដ្ឋាភិបាលនឹងស្នើឱ្យរក្សាកម្រិតជំនួយចំនួន ៨៥ ពាន់លានក្រូន័រ (៨,៤ ពាន់លានដុល្លារ) ដល់អ៊ុយក្រែននៅឆ្នាំក្រោយ។ ប្រសិនបើត្រូវបានសភាអនុម័ត  ជំនួយស៊ីវិលនិងយោធាសរុបរបស់ប្រទេសន័រវេសដល់ទីក្រុងគៀវក្នុងឆ្នាំ ២០២៣-២០៣០ នឹងមានចំនួន ២៧៥ ពាន់លានក្រូន (ច្រើនជាង ២៧ ពាន់លានដុល្លារ)។ មុននោះ ន័រវេស និងអាល្លឺម៉ង់បានសន្យាចំណាយប្រាក់ប្រហែល ៧ ពាន់លានក្រូន័រ (៦៩៤ លានដុល្លារ) ដើម្បីពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន រួមទាំងផែនការទិញប្រព័ន្ធ Patriot រួមគ្នាពីរផងដែរ។

រីឯខ្លួនវិញ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ក្រុងកៀវមានបំណងរៃអង្គាសប្រាក់បានយ៉ាងហោចណាស់ ១ ពាន់លានដុល្លារក្នុងមួយខែពីសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីទិញសព្វាវុធរបស់អាមេរិក ដោយចាត់ទុកថា នេះជាលក្ខខណ្ឌចាំបាច់សម្រាប់រក្សាសមត្ថភាពការពាររបស់ខ្លួន។ នៅក្នុងសេចក្តីប្រកាសដែលចេញក្នុងសន្និសីទសារព័ត៌មានរួមក្នុងទីក្រុងគៀវ ជាមួយនាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Store លោក Zelensky បានស្នើថា Oslo អាចរួមចំណែកដល់ការធានាសុវត្ថិភាព សម្រាប់អ៊ុយក្រែនក្នុងវិស័យការពារដែនអាកាស និងសន្តិសុខដែនសមុទ្រ។ បន្ថែមពីលើនេះ ប្រធានាធិបតី Zelensky ក៏បានបញ្ជាក់ផងដែរថា មន្ត្រីអាមេរិកនិងអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នាក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាខាងលើ ក៏ដូចជាការធានាសន្តិសុខដែលមានសក្តានុពល៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.