ព័ត៍មាន

ប្រធានាធិបតីអាមេរិក លោក Donald Trump នាំចេញសេចក្តីប្រកាសដ៏តឹងរឹង​នៅមហាសន្និបាតអង្គការសហប្រជាជាតិ

ប្រធានាធិបតីអាមេរិក លោក Donald Trump នាំចេញសេចក្តីប្រកាសដ៏តឹងរឹង​នៅមហាសន្និបាតអង្គការសហប្រជាជាតិ

(VOVWORLD) - នាថ្ងៃទី ២៣ ខែកញ្ញា នៅក្នុងសុន្ទរកថាលើកដំបូងរបស់ខ្លួននៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ចាប់តាំងពីបានវិលត្រឡប់ទៅសេតវិមានក្នុងខែមករាមក ប្រធានាធិបតីអាមេរិកលោក Donald Trump បាននាំចេញសេចក្តីប្រកាសដ៏តឹងរឹងជាបន្តបន្ទាប់ស្តីពីជម្លោះរុស្ស៊ី-អ៊ុយក្រែន គោលនយោបាយចំណាកស្រុក និងជម្លោះនៅមជ្ឈិមបូព៌ា ហើយបានប្រឆាំងជំទាស់នឹងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

លោក Trump ថ្លែងនៅក្នុងសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ២៣ ខែកញ្ញា រូបថត៖ REUTERS

លោក Donald Trump បានប្រកាសថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្ត "វិធានការពន្ធដ៏ខ្លាំងក្លា" ដើម្បីបង្ខំឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដកខ្លួនចេញពីជម្លោះដែលអូសបន្លាយអស់រយៈពេលបីឆ្នាំកន្លះ ជាមួយអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានសង្កត់ធ្ងន់ថា វិធានការទាំងនេះនឹងមានប្រសិទ្ធភាព លុះត្រាតែសម្ព័ន្ធមិត្តអឺរ៉ុបអនុវត្តន៍វិធានការដែលលោកបានស្នើឡើង។

ក្រៅពីបញ្ហាអ៊ុយក្រែន ប្រធានាធិបតីអាមេរិកក៏បានច្រានចោលការខិតខំប្រឹងប្រែងដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយចាត់ទុកថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជា "រង្វាន់ធំពេកសម្រាប់ក្រុមហាម៉ាស" និងបានអំពាវនាវឱ្យដោះលែងចំណាប់ខ្មាំងដែលនៅរស់ ឬបានស្លាប់ ដែលត្រូវបានចាប់ខ្លួននៅតំបន់ហ្គាហ្សា ដោយចលនាប្រដាប់អាវុធនេះ។ មេដឹកនាំអាមេរិកបានសង្កត់ធ្ងន់ថា "សង្រ្គាមនៅហ្គាហ្សាគួរតែបញ្ឈប់ភ្លាមមួយរំពិច" ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.