ព័ត៍មាន

អាមេរិកនិងអ៊ុយក្រែន ធ្វើ​ការ​ចរចានៅអារ៉ាប៊ីសាអូឌីត

អាមេរិកនិងអ៊ុយក្រែន ធ្វើ​ការ​ចរចានៅអារ៉ាប៊ីសាអូឌីត

(VOVWORLD) - គណៈប្រតិភូការទូតអាមេរិកនិងអ៊ុយក្រែន បានជួបពិភាក្សាគ្នានៅទីក្រុង Jeddad ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ១១ មីនា សំដៅកែលម្អទំនាក់ទំនងទ្វេភាគី និងស្វែងរកដំណោះស្រាយបញ្ឈប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បានដឹកនាំគណៈប្រតិភូចរចាអាមេរិក ខណៈដែលតំណាងភាគីអ៊ុយក្រែនរួមមានលោក Andriy Yermak ប្រធានខុទ្ទកាល័យរបស់ប្រធានាធិបតី រដ្ឋមន្ត្រីការបរទេស លោក Andrii Sybiha និងរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏មានវត្តមានក្នុងទីក្រុង Jeddad ប៉ុន្តែមិនចូលរួមក្នុងការចរចានោះទេ។

ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងកិច្ចប្រជុំនៅសេតវិមាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ រូបថត៖ THX/TTXVN

ការចរចានៅទីក្រុង Jeddad គឺជាជំនួបជាន់ខ្ពស់លើកដំបូងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ចាប់តាំងពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបំពេញទស្សនកិច្ចនៅអាមេរិកកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយមានការជជែកដ៏តានតឹងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងអនុប្រធានាធិបតីអាមេរិក លោក J.D. Vance នៅសេតវិមាន។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យភាគីទាំងពីរផ្អាកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែតាមការគ្រោងទុក ហើយបណ្តាលឱ្យទំនាក់ទំនងរវាងអាមេរិកនិងអ៊ុយក្រែនធ្លាក់ចុះ នៅពេលដែលរដ្ឋបាលអាមេរិកបានសម្រេចចិត្ត ផ្អាកជំនួយយោធា និងមិនចែករំលែកព័ត៌មានចារកម្មជាមួយអ៊ុយក្រែន។ ថ្លែងទៅកាន់សារព័ត៌មានអាមេរិក មុនពេលចេញដំណើរទៅអារ៉ាប៊ីសាអូឌីត រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានសង្កត់ធ្ងន់ថា ប្រការដ៏សំខាន់នៅពេលនេះ គឺទាំងអ៊ុយក្រែននិងរុស្ស៊ីត្រូវធ្វើសម្បទានដើម្បីចូលអង្គុយតុចរចា។

“យើងត្រូវកំណត់ថា ពួកគេចង់ធ្វើអ្វី ដោយនាំពួកគេចូលអង្គុយតុចរចា។ យើងមិនអាចធ្វើដូច្នេះបានទេ នៅពេលដែលភាគីអ៊ុយក្រែនបាននិយាយថាពួកគេមិនចាប់អារម្មណ៍ ប៉ុន្តែឥឡូវនេះអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរហើយ ខ្ញុំសង្ឃឹមថាវាជាការពិត ហើយនឹងបង្ហាញឲ្យយើងនូវអ្វីដែលអាចធ្វើបាន។ ខ្ញុំគិតថា ការបញ្ឈប់ជម្លោះគឺនាំមកនូវផលប្រយោជន៍ដល់គ្រប់ភាគីទាំងអស់ ចាប់ពីរុស្ស៊ី អ៊ុយក្រែន សហរដ្ឋអាមេរិក រហូតដល់ដៃគូរបស់អាមេរិកនៅអឺរ៉ុប”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.