ព័ត៍មាន

អាមេរិកនឹងពិចារណាលើ​ការ​បន្តតួនាទីសម្របសម្រួលក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន​ក្នុងសប្តាហ៍នេះ

អាមេរិកនឹងពិចារណាលើ​ការ​បន្តតួនាទីសម្របសម្រួលក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន​ក្នុងសប្តាហ៍នេះ

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃទី ២៧ ខែមេសា បានព្រមានថា កិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនត្រូវតែសម្រេចបានក្នុងពេលឆាប់ៗនេះ ហើយរដ្ឋបាលរបស់លោក Trump នៅសប្តាហ៍នេះ នឹងពិចារណាលើការបន្តតួនាទីជាអ្នកសម្រុះសម្រួលដែរឬទេ។

ថ្លែងនៅលើទូរទស្សន៍ NBC រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសនេះមិនអាចបន្តចំណាយពេលវេលា និងធនធានលើកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ប្រសិនបើមិនសម្រេចបានលទ្ធផលណាមួយឡើយ។ លោក Rubio បានសង្កត់ធ្ងន់ថា សប្តាហ៍នេះនឹងក្លាយជាសប្តាហ៍ដ៏សំខាន់បំផុត។ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានឲ្យដឹងថា សហរដ្ឋអាមេរិកបានពន្យារពេលការដាក់ទណ្ឌកម្មលើរុស្ស៊ី ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងការទូត ប៉ុន្តែក៏បានព្រមានថា រដ្ឋបាល Trump មានជម្រើសជាច្រើនដើម្បីឆ្លើយតបនឹងភាគីណាមួយដែលប្រឆាំងជំទាស់កិច្ចព្រមព្រៀងសន្តិភាព។

សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកបានធ្វើឡើងត្រឹមតែមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបប្រជុំគ្នានៅរដ្ឋធានីរ៉ូមរបស់អ៊ីតាលីក្នុងឱកាសពិធីបុណ្យសពរបស់សម្តេចប៉ាប Francis។ ភាគីទាំងពីរបានឲ្យដឹងថា ជំនួបនេះបានប្រព្រឹត្តិទៅប្រកបដោយប្រសិទ្ធភាព ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.