អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ (រូបថតឯកសារ៖ THX/TTXVN) |
នៅក្នុងសុន្ទរកថាក្នុងឱកាសដើមឆ្នាំ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរំលេច អាទិភាពរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២៥ ក្នុងបរិបទដែលពិភពលោក នៅតែបន្តជួបប្រទះនឹងបញ្ហាប្រឈម និងអស្ថិរភាពដែលមិនធ្លាប់មានពីមុនមក។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចង្អុល បង្ហាញពីបញ្ហាប្រឈមដែលចាំបាច់ត្រូវជម្នះ ដូចជា៖ ជម្លោះរាំរ៉ៃនៅកន្លែងជាច្រើន វិសមភាព និងបច្ចេកវិទ្យាដែលមិនអាចគ្រប់គ្រងបាន។ ជាពិសេស វិបត្តិអាកាសធាតុ រួមទាំងគ្រោះមហន្តរាយភ្លើងឆេះព្រៃដែលកំពុងកើតមាននៅក្នុងទីក្រុង Los Angeles (រដ្ឋ California សហរដ្ឋអាមេរិក) គឺជាការរំលឹកដល់ពិភពលោកអំពីផលប៉ះពាល់ដ៏ ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ និងស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ។
“១០ ឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ៩០% នៃពិភពលោកឥឡូវនេះបាន សន្យាសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធ ប៉ុន្តែយើងត្រូវមានភាពសកម្មបន្ថែម ទៀត ត្រូវពន្លឿនដំណើរការដើម្បីសម្រេចបាននូវគោលដៅនៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីស។ បេសកកម្មសកលត្រូវតែអនុវត្តន៍យ៉ាងខ្លាំងក្លាក្នុងឆ្នាំនេះតែម្ដង ទើបមានក្ដី សង្ឃឹមរាំងស្កាត់ការកើនឡើងនៃសីតុណ្ហភាពសកល។ នេះគឺជាពេលវេលាដើម្បីចាប់ យកឱកាសនៃយុគសម័យថាមពលស្អាត”។
ទាក់ទងនឹងការរត់ប្រណាំងដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា អគ្គលេខាធិការអង្គការ សហប្រជាជាតិ Guterres បានចាត់ទុកថា៖
“បដិវត្តន៍បច្ចេកវិជ្ជានាំមកនូវឱកាសជាច្រើន ប៉ុន្តែវាក៏ត្រូវការគ្រប់គ្រងយ៉ាងប្រុង ប្រយ័ត្ន ហើយធានាឲ្យមនុស្សទាំងអស់គ្នាអាចទទួលបានដោយសមភាព។ អង្គការ សហប្រជាជាតិត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីបង្កើតគណៈកម្មការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពីបញ្ញាសិប្បនិម្មិត (AI)។ អភិបាលកិច្ច AI ត្រូវតែឆ្ពោះទៅ ការពារសិទ្ធិមនុស្ស និងជំរុញការច្នៃប្រឌិត ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការ ជំនួយ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍរបស់ AI”។
បញ្ចប់សុន្ទរកថា ប្រធានអង្គការសហប្រជាជាតិបាននិយាយថា មានហេតុផល ជាច្រើនដើម្បីសង្ឃឹមនៅឆ្នាំ ២០២៥ ដែលជាឆ្នាំរំលឹកខួបលើកទី ៨០ ទិវាបង្កើតអង្គការ សហប្រជាជាតិ។ លោកអំពាវនាវឲ្យគ្រប់ប្រទេសធ្វើសកម្មភាពដើម្បីកសាងពិភពលោកឲ្យកាន់តែមានសន្តិភាព យុត្តិធម៌ និងវិបុលភាព៕







