ព័ត៍មាន

អគ្គលេខាបក្ស លោក តូ ឡឹម ជួបសវនាការ ជាមួយប្រធានាធិបតីហុងគ្រី លោក Sulyok Tamás

អគ្គលេខាបក្ស លោក តូ ឡឹម ជួបសវនាការ ជាមួយប្រធានាធិបតីហុងគ្រី លោក Sulyok Tamás

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ឧសភា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម បានជួបសវនាការជាមួយប្រធានាធិបតីហុងគ្រី លោក Sulyok Tamás ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥។

នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗមួយចំនួន ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ រួមទាំងការជំរុញប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដូចជាគណៈកម្មាធិការចម្រុះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ហើយនាពេលខាងមុខគឺកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម - EU (EVIPA); រៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការនវានុវត្តន៍ ; ស្នើឱ្យហុងគ្រីបណ្តុះបណ្តាលអ្នកជំនាញវៀតណាមលើវិស័យថាមពលនុយក្លេអ៊ែរ។ល។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ កសិកម្ម ឱសថ ពលកម្ម វប្បធម៌ កិច្ចសហប្រតិបត្តិការក្នុងតំបន់និងសម្របសម្រួលដើម្បីអបអរសាទរខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ហុងគ្រី នៅឆ្នាំនេះ។

អគ្គលេខាបក្ស លោក តូ ឡឹម ជួបសវនាការ ជាមួយប្រធានាធិបតីហុងគ្រី លោក Sulyok Tamás។ រូបថត៖ VOV

មេដឹកនាំទាំងពីរបានឯកភាពថា វៀតណាម និងហុងគ្រីនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌអាស៊ាន-សហភាពអឺរ៉ុប; គាំទ្រគោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។

នារសៀលថ្ងៃដដែល នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីហុងគ្រី លោក Sulyok Tamás៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.