ព័ត៍មាន

អ៊ីស្រាអែល​បន្ត​រឹតបន្តឹង​ជំនួយ​ទៅ​តំបន់​ហ្គាហ្សា ដោយ​ចោទ​ប្រកាន់​ក្រុម​ហាម៉ាស​បាន​រំលោភលើ​​បទ​ឈប់​បាញ់

អ៊ីស្រាអែល​បន្ត​រឹតបន្តឹង​ជំនួយ​ទៅ​តំបន់​ហ្គាហ្សា ដោយ​ចោទ​ប្រកាន់​ក្រុម​ហាម៉ាស​បាន​រំលោភលើ​​បទ​ឈប់​បាញ់

(VOVWORLD) - អ្នកនាំពាក្យការិយាល័យអ.ស.ប ទទួលបន្ទុកកិច្ចការមនុស្សធម៌នៅតំបន់ហ្គាហ្សា លោកស្រី Olga Cherevko នាថ្ងៃទី ១៤ ខែតុលា បានឲ្យដឹងថា អ.ស.បបានទទួលដំណឹងពីក្រសួងការពារជាតិអ៊ីស្រាអែលថា ប្រទេសនេះនឹងអនុញ្ញាតឱ្យរថយន្តដឹកជំនួយមនុស្សធម៌ត្រឹមតែ ៣០០ គ្រឿងប៉ុណ្ណោះ ចូលក្នុងតំបន់ហ្គាហ្សា ក្នុងមួយថ្ងៃជំនួសឱ្យរថយន្តដឹកទំនិញ ៦០០គ្រឿងក្នុងមួយថ្ងៃ តាមការសន្យាក្នុងកិច្ចព្រមព្រៀងឈប់បាញ់ដំណាក់កាលទី ១ ដែលកំពុងមានសុពលភាព។

រថយន្តដឹកប្រេងរបស់អង្គការសហប្រជាជាតិពីឧបទ្វីបស៊ីណៃ ប្រទេសអេហ្ស៊ីប ចូលតំបន់ហ្គាហ្សាតាមច្រកព្រំដែនរ៉ាហ្វា។ រូបថត៖ VOV

ការរឹតបន្តឹងនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី ១៥ ខែតុលា ដើម្បីឆ្លើយតបចំពោះក្រុមហាម៉ាសដែលបានបំពានលើកិច្ចព្រមព្រៀងប្រគល់សាកសពចំណាប់ខ្មាំងទៅអ៊ីស្រាអែលមកវិញ។

យោងតាមកិច្ចព្រមព្រៀងឈប់បាញ់ដំណាក់កាលទី ១ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនត្រូវប្រគល់ចំណាប់ខ្មាំង ៤៨ នាក់ទាំងនៅរស់និងស្លាប់ ឱ្យអ៊ីស្រាអែលវិញក្នុងរយៈពេល ៧២ ម៉ោង ចាប់ពីពេលដែលកងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានដកទ័ពជាលើកដំបូង។ នារសៀលថ្ងៃទី១០ ខែតុលា ទីបញ្ជាការកណ្តាលរបស់អាមេរិកនៅមជ្ឈិមបូព៌ា បានបញ្ជាក់ថា អ៊ីស្រាអែលបានដកខ្លួនជាលើកដំបូងចេញពីតំបន់ហ្គាហ្សានាពេលថ្ងៃត្រង់ថ្ងៃដដែល មានន័យថា ក្រុមហាម៉ាស់ត្រូវប្រគល់ចំណាប់ខ្មាំងមកវិញ នៅត្រឹមថ្ងៃត្រង់ថ្ងៃទី ១៣ ខែតុលា។ ប៉ុន្តែ រហូតដល់យប់ថ្ងៃទី១៤ ខែតុលា ក្រុមហាម៉ាស់ ទើបបានដោះលែងចំណាប់ខ្មាំង ២០នាក់ ដែលនៅរស់ និងសាកសព ៨នាក់ ទៅឲ្យអ៊ីស្រាអែលវិញ។

ប្រការនេះបានធ្វើឱ្យមជ្ឈដ្ឋានអ្នកវិភាគមានការព្រួយបារម្ភថា ការចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ស្តីពីការអនុវត្តដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងនេះ ប្រឈមនឹងហានិភ័យនៃការរំខាន ឬសូម្បីតែដួលរលំ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.