ព័ត៍មាន

អ៊ីស្រាអែលបង្កើនការវាយប្រហារ ដាក់ពង្រាយរថក្រោះចូលតំបន់ហ្គាហ្សា

អ៊ីស្រាអែលបង្កើនការវាយប្រហារ ដាក់ពង្រាយរថក្រោះចូលតំបន់ហ្គាហ្សា

(VOVWORLD) - កាលពីថ្ងៃទី ១ ខែកញ្ញា កងទ័ពអ៊ីស្រាអែលបានបន្តបង្កើនការវាយប្រហារលើទីក្រុងហ្គាហ្សា។ អាជ្ញាធរនិងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បឲ្យដឹងថា រថក្រោះអ៊ីស្រាអែលរាប់សិបគ្រឿងត្រូវបានដាក់ពង្រាយយ៉ាងជ្រៅនៅខាងក្នុងទីក្រុងហ្គាហ្សា ជាតំបន់ទីក្រុងធំបំផុតនៅតំបន់ហ្គាហ្សា ដែលមានប្រជាជនជិត ១ លាននាក់។

ផ្សែងហុយឡើងបន្ទាប់ពីមានការបំផ្ទុះនៅតំបន់ហ្គាហ្សា ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។ រូបថត៖ REUTERS/Amir Cohen

ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងវាយលុកទីក្រុងហ្គាហ្សា យន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីតាំងជាច្រើននៅជាយក្រុងហ្គាហ្សា ខណៈដែលទាហានបានបំផ្ទុះរថយន្តដែលសង្ស័យថាមានផ្ទុកគ្រាប់បែកនៅខាងក្នុង។ របាយការណ៍វេជ្ជសាស្រ្តមួយចំនួនបានបញ្ជាក់ថា ការវាយប្រហារថ្មីបំផុតរបស់កងទ័ពអ៊ីស្រាអែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៩នាក់បានស្លាប់ និងរាប់រយនាក់រងរបួស។

វិធានការបង្កើនការវាយប្រហារលើតំបន់ហ្កាហ្សាបានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខពិសេសដឹកនាំដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។ កិច្ចប្រជុំបានផ្តោតលើការពិភាក្សាអំពីផែនការគ្រប់គ្រងទីក្រុងហ្គាហ្សា បន្ថែមពីលើលទ្ធភាពនៃការបញ្ចូលផ្នែកមួយនៃតំបន់ West Bank ។ កិច្ចប្រជុំនេះមិនបានពិភាក្សាអំពីសំណើបទឈប់បាញ់ និងការដោះដូរចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ដែលកសាងដោយអេហ្ស៊ីប និងកាតា ហើយត្រូវបានអនុម័តដោយចលនាហាម៉ាសនោះទេ៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.