ព័ត៍មាន

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់​ហ្គាហ្សា

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់​ហ្គាហ្សា

(VOVWORLD) - បើទោះបីជាមានការប្រឆាំងជំទាស់ពីសាធារណមតិក្នុងស្រុក និងអន្តរជាតិក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលនាថ្ងៃទី ៤ ខែកញ្ញា បានបន្តបង្កើនការវាយប្រហារលើតំបន់ហ្គាហ្សា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥៣ នាក់បានស្លាប់និងមនុស្សជាង ២០០ នាក់ផ្សេងទៀតរងរបួស។

គំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ រូបថត៖ THX/TTXVN

យោងតាមសាក្សី រថក្រោះ និងទាហានថ្មើរជើងរបស់អ៊ីស្រាអែល ដែលសម្រុកចូលពីភាគខាងកើតនៃទីក្រុងហ្គាហ្សា បានបាញ់កាំភ្លើងបំផ្លាញអគារនានាក្នុងទីក្រុង បណ្ដាលឱ្យមានភ្លើងជះយ៉ាងសន្ធោសន្ធៅ។ កងទ័ពអ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងសេចក្តីប្រកាសនាថ្ងៃទី ០៣ ខែកញ្ញា ថ្នាក់ដឹកនាំរដ្ឋាភិបាល និងកងទ័ពអ៊ីស្រាអែល បានអះអាងជាបន្តបន្ទាប់ថា នឹងជំរុញខ្លាំងយុទ្ធនាការវាយប្រហារជាប្រចាំលើហ្គាហ្សា លុះត្រាតែកងកម្លាំងហាម៉ាស់ព្រមទទួលចុះចាញ់ រំសាយសព្វាវុធ និងដោះលែងចំណាប់ខ្មាំង។

ទាក់ទងនឹងមតិអន្តរជាតិ សម្តេចប៉ាប Leo XIV នៅថ្ងៃទី ៥ កញ្ញា បានបន្តអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការបញ្ចប់សង្រ្គាមនៅហ្គាហ្សា។ ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog នៅបុរី Vatican សម្តេចប៉ាប Leo XIV ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការអនុវត្តដំណោះស្រាយរដ្ឋពីរ ដោយចាត់ទុកវាជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយ សង្រ្គាមនាបច្ចុប្បន្ន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.