ព័ត៍មាន

អ៊ីស្រាអែលបន្តការវាយប្រហារតាមអាកាសលើស៊ីរី; អាជ្ញាធរយោធាបានលើកឡើងពេលវេលារៀបចំការបោះឆ្នោត

អ៊ីស្រាអែលបន្តការវាយប្រហារតាមអាកាសលើស៊ីរី; អាជ្ញាធរយោធាបានលើកឡើងពេលវេលារៀបចំការបោះឆ្នោត

(VOVWORLD) - ថ្វីបើមានប្រតិកម្មពីអន្តរជាតិក៏ដោយ ក៏កម្លាំងទ័ពអាកាសអ៊ីស្រាអែលនៅថ្ងៃទី ២៩ ធ្នូ នៅតែនបន្តធ្វើការវាយប្រហារតាមអាកាសបន្ថែមទៀតលើប្រទេសស៊ីរី ដែលបណ្តាល ឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ និងធ្វើឱ្យមតិសាធារណៈព្រួយបារម្ភថា ប្រទេសអារ៉ាប់នេះ មិនអាចសម្រេចបាននូវស្ថិរភាពក្នុងពេលឆាប់ៗនេះបានឡើយ។

យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស គោលដៅនៃការវាយប្រហាររបស់កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល គឺជាទីតាំងកងទ័ពស៊ីរី នៅតំបន់ជាយក្រុងភាគឦសាននៃរដ្ឋធានី Damascus។ តួរលេខដំបូងបង្ហាញថា មនុស្សយ៉ាងហោចណាស់ ១១នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវស្លាប់ក្នុងការវាយប្រហារតាមអាកាស។ នេះត្រូវបានចាត់ទុកថាជាការវាយប្រហារតាមផ្លូវអាកាសដ៏ធ្ងន់ធ្ងរបំផុតមួយ របស់ កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនៅក្នុងប្រទេសស៊ីរីក្នុងរយៈពេល ៣ សប្តាហ៍កន្លងមកនេះ ចាប់តាំងពីពេលដែលកងកម្លាំងប្រឆាំងបានផ្តួលរំលំរដ្ឋាភិបាល និងបានកាន់កាប់រដ្ឋធានី Damascus នៅព្រឹកថ្ងៃទី ៨ ខែធ្នូ។

ទាក់ទងនឹងដំណើរការនយោបាយនៅក្នុងប្រទេសស៊ីរី មេដឹកនាំរដ្ឋាភិបាលយោធាបណ្តោះអាសន្នស៊ីរី លោក Ahmed al-Sharaa នៅថ្ងៃទី ២៩ ធ្នូ បានឲ្យដឹងថា ការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសនេះអាចចំណាយពេលដល់ទៅ ៤ ខែទៀត។ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Al Arabiya របស់អារ៉ាប៊ីសាអូឌីត លោក Sharaa បានចាត់ទុកថា ប្រជាជនស៊ីរីត្រូវការពេលប្រហែល ១ ឆ្នាំដើម្បីកត់សម្គាល់ការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងប្រទេស ខណៈដែលការព្រាងរដ្ឋធម្មនុញ្ញថ្មីអាចចំណាយពេលរហូតដល់ ៣ ឆ្នាំ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.