ព័ត៍មាន

អ៊ីស្រាអែលបន្តវាយប្រហារលើតំបន់ហ្គាហ្សា; វាយប្រហារតាមផ្លូវ​អាកាសលើប្រទេសស៊ីរី និងលីបង់

អ៊ីស្រាអែលបន្តវាយប្រហារលើតំបន់ហ្គាហ្សា; វាយប្រហារតាមផ្លូវ​អាកាសលើប្រទេសស៊ីរី និងលីបង់

(VOVWORLD) - នៅក្នុងបរិបទនៃការចរចាបទឈប់បាញ់នៅតែរងភាពជាប់គាំង កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារបន្ថែមទៀតលើតំបន់ហ្គាហ្សា បណ្តាលឱ្យមានការស្លាប់និងរងរបួសយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនប៉ាឡេស្ទីន។

យោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន មន្ទីរពេទ្យនានានៅតំបន់ហ្គាហ្សា គិតត្រឹមរសៀលថ្ងៃទី ១៥ ខែកក្កដា បានកត់ត្រាអ្នកស្លាប់ចំនួន ៩៣ នាក់ និងរងរបួសចំនួន ២៧៨ នាក់ ដោយសារការវាយប្រហារដោយកងទ័ពអ៊ីស្រាអែល ក្នុងរយៈពេល ២៤ ម៉ោងមុននោះ នៅទូទាំងហ្គាហ្សា។ ក្នុងចំណោមអ្នកស្លាប់មានស្ត្រី និងកុមាររាប់សិបនាក់។

ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។ រូបថត៖ THX/TTXVN

ក្រៅពីតំបន់ហ្គាហ្សា កងទ័ពជើងអាកាសអ៊ីស្រាអែលក៏បានធ្វើការវាយឆ្មក់យ៉ាងខ្លាំងលើសមរភូមិមានព្រំដែនរួមចំនួនពីរផ្សេងទៀតគឺលីបង់ និងស៊ីរី។ ការវាយប្រហារតាមផ្លូវអាកាសលើជ្រលង Beqaa ភាគខាងកើតប្រទេសលីបង់ កាលពីរសៀលថ្ងៃទី ១៥ កក្កដា បានបណ្តាលឲ្យមនុស្ស ១២ នាក់បានស្លាប់ ដោយគូសសញ្ញាការវាយប្រហារដ៏កាចសាហាវបំផុតមួយរបស់អ៊ីស្រាអែលលើប្រទេសលីបង់ក្នុងឆ្នាំនេះ។ រដ្ឋាភិបាលលីបង់ និងក្រុម Hezbollah បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមផ្លូវអាកាស ដោយចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលមានទំនួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារនេះ។

នៅលើសមរភូមិស៊ីរី កងទ័ពជើងអាកាសអ៊ីស្រាអែល ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នាបានវាយប្រហារដោយផ្ទាល់ទៅលើកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលស៊ីរីក្នុងខេត្ត Sweida ជាកន្លែងដែលកើតមានការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមរវាងកុលសម្ព័ន្ធ Bedouin និងសហគមន៍ជនឥស្លាម Druze បណ្តាលឱ្យមនុស្សរាប់រយនាក់បានស្លាប់និងរងរបួស៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.