ព័ត៍មានអ៊ីស្រាអែលប្រកាសថា នឹងរារាំងនាវាដឹកជំនួយអន្តរជាតិទៅកាន់តំបន់ហ្គាហ្សា
អ៊ីស្រាអែលប្រកាសថា នឹងរារាំងនាវាដឹកជំនួយអន្តរជាតិទៅកាន់តំបន់ហ្គាហ្សា
ថ្ងៃសុក្រ, 16:33, 26/09/2025
VOV5
(VOVWORLD) - កងទ័ពជើងទឹកអ៊ីស្រាអែលនឹងរារាំងក្រុមនាវាដឹកជំនួយអន្តរជាតិដែលកំពុងធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា។
នាវាដឹកជំនួយមួយគ្រឿង មកដល់ហ្គាហ្សា។ (រូបថត៖ IRNA/TTXVN) |
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) ឧត្តមសេនីយ៍ Effie Defrin កាលពីថ្ងៃទី ២៥ ខែកញ្ញា ក្នុងបរិបទដែលក្រុមនាវាមនុស្សធម៌អន្តរជាតិ Global Sumud Flotilla (GSF) ដែលចាកចេញពីទីក្រុងបាសេឡូណា (អេស្ប៉ាញ) រួមមាន នាវារាប់សិបគ្រឿង និងសកម្មជនរាប់រយនាក់មកពី ប្រទេសចំនួន ៤៤ កំពុងធ្វើដំណើរទៅកាន់តំបន់ ហ្គាហ្សា ដើម្បីនាំជំនួយសង្គ្រោះមនុស្សធម៌ចែកជូនដល់ប្រជាជននៅតំបន់នេះ។ លោក Effie Defrin បានបញ្ជាក់ថា អ៊ីស្រាអែលមានភស្តុតាងដែលបញ្ជាក់ថា សកម្មភាពនៃ ក្រុមនាវាចរនេះត្រូវបានគ្រោងទុក និងផ្តល់ហិរញ្ញប្បទានដោយចលនាហាម៉ាស។
មុននោះ នៅថ្ងៃទី ២៤ ខែកញ្ញា ក្រុមនាវា GSF បានចេញសេចក្តីប្រកាសព័ត៌ មាន ដោយចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែល និងកងកម្លាំងការពារអ៊ីស្រាអែល (IDF) ពីការ "បង្កើនភាពតានតឹងគ្រោះថ្នាក់ដ៏គួរឱ្យព្រួយបារម្ភ” សំដៅទៅលើក្រុម នាវានេះ។ សេចក្តីប្រកាសបាននិយាយថា នៅយប់ថ្ងៃទី ២៣ ខែកញ្ញា យន្តហោះដ្រូន ចំនួន ១៥ គ្រឿងបានហោះហើរក្នុងរយៈកម្ពស់ទាបពីលើនាវាទាំងនេះជាបន្តបន្ទាប់ ហើយបានទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណ មកលើនាវាចំនួន ១០ គ្រឿង។ ប្រទេសជាច្រើនបានថ្កោលទោសយ៉ាងខ្លាំងចំពោះការរារាំងក្រុមនាវាដឹកជំនួយអន្តរជាតិ។ ភាគីនានាក៏បានអំពាវនាវឱ្យអ៊ីស្រាអែល មិនបង្កគ្រោះថ្នាក់ដល់សកម្មជន នៃក្រុមនាវា បន្ធូរបន្ថយភាពតានតឹងនិងលុបចោលការបិទខ្ទប់លើជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សា៕