ព័ត៍មាន

អ៊ីស្រាអែលយល់ព្រមលើ​បទឈប់បាញ់ក្នុងអំឡុងខែរ៉ាម៉ាដាន

អ៊ីស្រាអែលយល់ព្រមលើ​បទឈប់បាញ់ក្នុងអំឡុងខែរ៉ាម៉ាដាន

(VOVWORLD) - ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនាថ្ងៃទី ១ ខែមីនា បានឲ្យដឹងថា ប្រទេសនេះបានយល់ព្រមជាផ្លូវការនូវសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់ជាបណ្តោះអាសន្ននៅតំបន់ហ្គាហ្សា ក្នុងអំឡុងខែរ៉ាម៉ាដានរបស់សាសនាឥស្លាម និងបុណ្យ Passover របស់ជនជាតិជ្វីហ្វ។ កាយវិការនេះ កើតឡើងនៅពេលដែលកិច្ចព្រមព្រៀងឈប់បាញ់នាបច្ចុប្បន្ន ជិតនឹងផុតកំណត់។

យោងតាមការគណនាតារាសាស្ត្រដោយវិទ្យាស្ថានស្រាវជ្រាវតារាសាស្ត្រ និងភូមិសាស្ត្រជាតិ (NRIAG) ដែលមានទីស្នាក់ការនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ខែបុណ្យរ៉ាម៉ាដានរបស់សាសនាឥស្លាមឆ្នាំនេះចាប់ផ្តើមនៅថ្ងៃទី ១ ខែមីនា។ មុននោះ អ៊ីស្រាអែល និងក្រុមហាម៉ាស់បានអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៤២ ថ្ងៃ ចាប់តាំងពីថ្ងៃទី ១៩ ខែមករា ក្នុងនោះក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង ៣៣ នាក់ ហើយអ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនជាង ១.៧០០ នាក់។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរនៅតែមិនយល់ស្របលើលក្ខខណ្ឌបន្ថែមទៀត។ អ៊ីស្រាអែលចង់ពន្យាពេលដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងនេះក្នុងរយៈពេល ៤២ ថ្ងៃ ខណៈដែលក្រុមហាម៉ាសបានបដិសេធយ៉ាងម៉ឺងម៉ាត់ និងទាមទារឱ្យឈានដល់ដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀង។ បច្ចុប្បន្ននេះ ការចរចានៅអេហ្ស៊ីបនៅតែបន្ត ប៉ុន្តែមិនបានទទួលលទ្ធផលជាក់លាក់ទេ។

គំនរបាក់បែកដោយសារតែជម្លោះនៅតំបន់ហ្គាហ្សា។ រូបថត៖ VNA

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធ ប្រទេសស្វីសនាថ្ងៃទី ១ ខែមីនា បានប្រកាសនឹងរៀបចំសន្និសីទអន្តរជាតិស្តីពីការការពារជនស៊ីវិលប៉ាឡេស្ទីននៅក្នុងតំបន់ដែនដីដែលត្រូវបានទន្ទ្រានកាន់កាប់ នៅថ្ងៃទី ៧ ខែមីនា ដោយមានការចូលរួមពីភាគីហត្ថលេខីចំនួន ១៩៦ នៃអនុសញ្ញាទីក្រុងហ្សឺណែវ និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេស៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.